ជ័យ ស៊ីណេត៖ ខ្ញុំនឹងសន្សំប្រាក់ដើម្បីបើកក្លឹបប្រដាល់គុនខ្មែរ
បន្ទាប់ពីកូនសិស្សលោកគ្រូ សុខ វិជ័យ គឺកីឡាករ ជ័យ ស៊ីណេត បានប្រកាសលើទំព័រហ្វេកប៊ុករបស់ខ្លួន ថានិងឈប់ឡើងសង្វៀនប្រកួតដោយសារបញ្ហាសុខភាព បានធ្វើបងប្អូនដែលធ្លាប់គាំទ្រ និង ធ្លាប់ស្គាល់កេរ្តិ៍ឈ្មោះរបស់កីឡាកររូបនេះបានចូលទៅសរសេរអំពីការសោកស្តាយ និង បានជូនពរឲ្យរូបគេទទួលបានការងារថ្មី ល្អជាងនេះ បន្ទាប់សុខភាពរបស់គេមិនអំណោយផល។
កីឡាកររបស់ក្លឹបឃ្លាំងមឿនកីឡារូបនេះ គឺជាកីឡាករជើងចាស់ចុងក្រោយគេបង្អស់របស់ឃ្លាំងមឿន ដែលសម្រេចចិត្តលាងដៃពីការប្រកួតលើសង្វៀនគុនខ្មែរ បន្ទាប់ពីប្រកួតចៅសិស្សប្អូន សេក ចៅជូត នៅ PNN កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ កីឡាករ មាឌល្អិច ចិត្តខ្លា រូបនេះក៏នៅតែមិនទៅណាឆ្ងាយពីគុនខ្មែរដដែល ដោយរូបគេបានបញ្ជាក់បន្ថែមលើហ្វេកប៊ុករបស់ខ្លួនថា បើមានលទ្ធភាព រឺក៏មានអ្នកដែលស្រឡាញ់គុនខ្មែជួយ រូបគេនិងបើកក្លឹបគុនខ្មែរទៅថ្ងៃអនាគតមួយ ដើម្បីជួយបណ្តុះថ្នាលគុនខ្មែរអោយមានឈ្មោះបោះសំលេងក្នុងប្រទេស និង លើឆាកអន្តរជាតិ៕