
Hector Bellerin ខឹងអ្នកគាំទ្រ ដែលថាគាត់ទុកសក់ដូចស្រី
Hector Bellerin បានឲ្យដឹងថា គាត់បានសម្រេចលុបចោលគណនី Twitter ពីក្នុងទូរស័ព្ទរបស់គាត់ចោល ដោយសារតែទ្រាំទ្រមិនបានទៅនឹងការរិះគន់របស់អ្នកគាំទ្រ Arsenal មួយចំនួន រួមទាំងការប្រមាថពីការលេងម៉ូដសក់ថ្មីរបស់គាត់ រហូតអ្នកខ្លះដៀលត្បិះគាត់ថា ជាស្រីស្រលាញ់ស្រី «lesbian»។
ខ្សែការពារអេស្ប៉ាញវ័យ ២៣ឆ្នាំរបស់កាំភ្លើងធំ Arsenal នេះ បញ្ជាក់ថា ៖ «វាជារឿងគួរឲ្យខ្លាច ទាំងពីសំណាក់កីឡាករខ្លួនឯង និងពីក្រុមគូបដិបក្ខ។ ពួកគេ បានហៅខ្ញុំថា «lesbian» ព្រោះខ្ញុំទុកសក់វែង។ ហើយគេក៏បញ្ចេញពាក្យប្រមាថផ្សេងៗ ក្នុងភាសាមាក់ងាយអ្នកស្រលាញ់ភេទដូចគ្នា។ …រឿងនេះ គឺជាការរំលោភបំពានសិទ្ធិ ហើយការបំពារបំពាននេះ ធ្វើឡើងតាមអនឡាញ ប៉ុន្តែខ្ញុំក៏បានឮនៅក្នុងកីឡដ្ឋានផងដែរ។ ពេលយើងធ្វើអីខុសគេ យើងក្លាយជាគោលដៅវាយប្រហាររបស់គេ។ វាគឺជាសម្ពាធមួយ វាគ្រោះថ្នាក់ណាស់។ នៅក្នុងជីវិតយើង យើងគួរតែត្រូវបានអនុញ្ញាតឲ្យបញ្ចេញទស្សនៈផ្ទាល់ខ្លួន។ …»
សូមបញ្ជាក់ថា Bellerin បានចូលលេងនៅក្លឹបរបស់អង់គ្លេស Arsenal តាំងពីឆ្នាំ ២០១៣មក និងបានទុកសក់វែងខ្លាំង នារយៈពេលរដូវកាលថ្មីនេះ៕