៦២ឆ្នាំមុន កម្ពុជាចេញប្រកួតបាល់ទាត់លើឆាកអន្តរជាតិលើកដំបូងធ្លាប់ស៊ុតចូល ម៉ាឡេស៊ី ២គ្រាប់
ថ្ងៃច័ន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ ប្រិយមិត្តបាល់ទាត់កម្ពុជាទូរទាំងប្រទេសនិងបានទស្សនាការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិដ៏ធំមួយនៅ ពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា រវាងក្រុមបាល់ទាត់ ជំរើសជាតិកម្ពុជា ប្រកួតជាមួយ ក្រុមបាល់ទាត់ជំរើសជាតិម៉ាឡេស៊ី។ នេះជាការប្រកួតកំដៅសាច់ដុំមួយសំរាប់កម្ពុជាដើម្បីត្រៀមខ្លួនប្រកួតក្នុងព្រឹិត្តិការណ៏ AFF Championship 2018 ដែលចាប់ផ្តើមនៅខែវិច្ឆិការខាងមុខនេះ។
បច្ចុប្បន្ន បើទោះជាមិនសូវល្បីខ្លាំងក្នុងឆាកបាល់ទាត់អន្តរជាតិ ក៏ក្រុមបាល់ទាត់កម្ពុជាមានប្រវត្តិប្រកួតជាមួយក្រុមជាច្រើនក្នុងអតីតកាលផងដែរ។ ជាក់ស្តែងចាប់តាំងតែពីប្រលូកចូលការប្រកួតផ្លូវការក្នុងឆ្នាំ ១៩៥៦មក អ្នកចម្បាំងក្រុងអង្គរធ្លាប់ឈ្នះច្រើនបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ១១-០ លើក្រុមជំរើសជាតិយ៉េមែនខាងជើង កាលពីថ្ងៃទី២៩ វិច្ឆិការ ឆ្នាំ១៩៦៦ កាលនោះគឺប្រកួតនៅទីក្រុងភ្នំពេញ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
ប៉ុន្តែបើយើងចាប់អារម្មណ៏លើកាប្រកួតជាមួយម៉ាឡេស៊ី ដែលនិងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះវិញ កម្ពុជាមានប្រវត្តជូរចត់ណាស់ជាមួយក្រុមខ្លារលឿងទ្វីបអាស៊ីមួយនេះ។ ថ្ងៃទី១៧ ខែមិនា ឆ្នាំ១៩៥៦ កម្ពុជាចេញប្រកួតបាល់ទាត់លើកដំបូងជាលក្ខណៈផ្លូវការក្នុងឆាកអន្តរជាតិគឺ ប៉ះជាមួយម៉ាឡេស៊ី កាលនោះគឺចាញ់ដោយលទ្ធផល ៩-២ នៅទឹកដី Kuala Lampur។ គិតមកដល់បច្ចុប្បន្ន ក្រុមទាំងពីរក៏ធ្លាប់ជួបគ្នាជាច្រើនលើករួចមកហើយដែរ ៣ប្រកួតចុងក្រោយរាប់ចាប់ពីឆ្នាំ២០០៩មក ម៉ាឡេស៊ីឈ្នះកម្ពុជា៣លើកជាប់គ្នា ( 3-2, 2-1, 4-0)។
យ៉ាងណាក៏ដោយអត្ថបទខាងលើនោះគ្រាន់តែជាអតីតកាលប៉ុណ្ណោះ យើងងាកមកបច្ចុប្បន្នភាពសម័យបាល់ទាត់ទំនើបសំបូរដោយបច្ចេកវិទ្យាថ្មីៗវិញម្តង កម្ពុជាកំពុងរីកចំរើនគួរសមខាងផ្នែកបាល់ទាត់។ ជាក់ស្តែងការប្រកួតអន្តរជាតិ២ប្រកួតក្នុងឆ្នាំ២០១៨នេះ កម្ពុជាទទួលបានលទ្ធផល ឈ្នះ១ និងចាញ់១ គឺឈ្នះឡាវ ១-០ នៅក្រៅទឹកដីក្នុងជំនួបមិត្តភាព និងចាញ់អាហ្គាហ្វនីស្ថាន ២-១ នៅក្រៅផ្ទះក្នុងវគ្គជំរុះពានរង្វាន់ Asian Cup។
សំរាប់តារាងប្រកួតរបស់គោព្រៃកម្ពុជាក្នុងឆ្នាំ២០១៨ នៅមិនទាន់អស់នៅឡើយទេ បន្ទាប់ពីជួបម៉ាឡេស៊ីហើយ ក្រុមដែលដឹកនាំដោយខ្សែប្រយុទ្ធលំដាប់ពិភពលោក Keisuke Honda ត្រូវមានភារៈកិច្ចមិត្តភាពមួយប្រកួតទៀតជាមួយសិង្ហបុរី នៅថ្ងៃទី១០ ខែតុលា ដែលរៀបចំឡើងនៅទីក្រុងភ្នំពេញ។ រួចត្រូវទៅជួប ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឡាវ និង វៀតណាម បន្តទៀតក្នុងពានរង្វាន់ AFF Championship ចាប់ពីថ្ងៃទី៨ ខែវិច្ឆិការខាងមុខនេះ។ ក្រុមអ្នកគាំទ្រជាច្រើននៅកម្ពុជារំពឹងថាការដឹកនាំរបស់ខ្សែប្រយុទ្ធជនជាតិជប៉ុន និងជួយអោយបាល់ទាត់កម្ពុជាមានការរីកចំរើនកាន់តែខ្លាំង។
គួរបញ្ចាក់ថា ក្រុមគោព្រៃកម្ពុជា ដែលបងប្អូនស្គាល់ថា អ្នកចម្បាំងក្រុងអង្គរធ្លាប់មានប្រវត្តិល្អបំផុតមួយទៀតគឺ ជាម្ចាស់ជ័យលាភីលេខ៤ ក្នុងព្រឹត្តិការណ៏ Asian Cup ឆ្នាំ១៩៧២ ដែលកាលនោះប្រទេសថៃធ្វើជាម្ចាស់ផ្ទះទទួលបានចំណាត់ថ្នាក់លេខ៣ រីឯជើងឯកបានទៅ អ៊ីរ៉ង់ ដោយបំបាក់កូរ៉េខាងជើង ក្នុងម៉ោងបន្ថែម២-១៕