Thibaut Courtois ហ៊ានដៀមដាម Chelsea ម្លឹងផង?
Thibaut Courtois អ្នកចាំទីក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក ដែលទើបតែទទួលបានស្រោមដៃមាសពី World Cup នៅរុស្ស៊ី កាលពីពេលថ្មីៗនេះ និងបច្ចុប្បន្នជាអ្នកចាំទីរបស់ Real Madrid បាននិយាយថា ការហ្វឹកហាត់ និងលេងនៅ Real Madrid គឺមានកម្រិតខ្ពស់ជាងនៅ Chelsea ឆ្ងាយណាស់។ លើសពីនេះ Courtois ក៏ហាក់បាននិយាយចំអកដល់ប្រព័ន្ធការពារនៅ Chelsea ទៀតផង។
Courtois៖ «នៅទីនេះ (Real Madrid) ខ្ញុំអាចទាក់ទងជាមួយនឹងខ្សែការពារបានយ៉ាងល្អ ទោះបីជាកំពុងប្រកួតក៏ដោយ។ ពេលហ្វឹកហាត់ ខ្ញុំឃើញថានៅទីនេះ មានកម្រិតខ្ពស់ជាង នៅ Chelsea។»
ក្នុងនោះ Courtois ក៏បានលើកឡើងពីភាពខុសគ្នារវាងកីឡដ្ឋាន Bernabeu និង Stamford Bridge ផងដែរ ។Courtois៖«វា(Bernabeu)ធំជាង ២ដង វាធ្វើឲ្យខ្ញុំមានអារម្មណ៍ផ្សេង។ ប្រសិនបើយើងមើលទៅមុខ យើងនឹងឃើញជញ្ជាំងនៃអ្នកគាំទ្រ ខណៈដែលនៅ Stamford Bridge យើងអាចឃើញតែមេឃ ឬ សណ្ឋាគារ នៅពេលពីក្រោយកន្លែងអ្នកមើល។ នេះមិនមែនជាលើកទី១ទេ ដែលខ្ញុំលេងនៅទីនេះ ខ្ញុំដឹងពីភាសាប្រើប្រាស់ និងយល់ពីកីឡដ្ឋាននេះ (Bernabeu)។»
គួរជម្រាបជូនថា Thibaut Courtois ត្រូវបានផ្ទេរពី Chelsea ទៅកាន់ Real Madrid កាលពីថ្ងៃទី ៩ខែសីហា ឆ្នាំ ២០១៨ ក្នុងតម្លៃខ្លួន ៣១លានផោន។ Courtois ទើបតែបង្ហាញខ្លួននៅ Real Madrid បានមួយប្រកួតប៉ុណ្ណោះ កាលពីសប្តាហ៍មុន ជំនួស Keylor Navas ក្នុងជំនួបដែល Real Madrid បានប្រកួតឈ្នះ Leganes 4-1៕