
ទ័ព នាំចូលខ្សែប្រយុទ្ធបរទេស ២ រូប ដើម្បីប្រជែងពានលីគនៅជុំទី២
ក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ ហៅកាត់ ទ័ព បានបង្ហាញសមាជិកថ្មី ដែលជាកីឡាករបរទេស ចំនួន ២ រូប រួមមាន Cristiano Sergipano និង Magoson Dourado ដើម្បីមកពង្រឹងក្រុមក្នុងការប្រកួតជុំទី២ ពានរង្វាន់ក្របខណ្ឌបាល់ទាត់លំដាប់ទី១ របស់កម្ពុជា បន្ទាប់ពីនៅមានឱកាសដណ្តើមពាន។
ខ្សែបម្រើប្រយុទ្ធរបស់គិរីវង់សុខសែនជ័យ Magoson Dourado នឹងចូលរួមជាមួយទ័ព ក្នុងលក្ខខណ្ឌខ្ចីជើងនៅជុំទី ២នេះ ដើម្បីមករួមចំណែកជួយក្រុមដណ្តើមពាន ស្របពេលដែលខ្សែប្រយុទ្ធ Cristiano បានបញ្ចប់កិច្ចសន្យាជាមួយ អង្គរថាយហ្គឺរ កាលពីថ្ងៃមុនក៏បានមកចូលរួមជាមួយ ទ័ព ផងដែរ។ នេះជាក្រុមទី២ របស់កម្ពុជាហើយដែល Cristiano មកចូលរួម ដោយកាលពីនៅ អង្គរថាយហ្គឺរ រកបាន ៦ គ្រាប់ ក្នុងការបង្ហាញខ្លួនត្រឹម ៨ ប្រកួត។
ដូច្នេះហើយ នេះគឺជាការពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការប្រជែងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ រដូវកាល ២០២០ ទោះជាយ៉ាងណាក្តី ទ័ព កំពុងមានពិន្ទុ ឆ្ងាយពីក្រុមកំពូលតារាងដល់ទៅ ១០ ពិន្ទុ ខណៈការប្រកួតនាជុំទី២ ត្រឹមតែ ៥ លើកទៀតប៉ុណ្ណោះ៕