Thibaut Courtois ជាប់ឈ្មោះប្រជែងជាមួយអ្នកចាំទី Spurs និង Leicester
កាលពីថ្ងៃយប់ដើមសប្តាហ៍កន្លងទៅនេះ សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានបញ្ចេញឈ្មោះអ្នកចាំទី ៣នាក់ចុងក្រោយ ដើម្បីប្រជែងពាន អ្នកចាំទីល្អបំផុតរបស់សហព័ន្ធបាល់ទាត់ពិភពលោក ឬ the Best FIFA Goalkeeper។
អ្នកចាំទី ៣នាក់ចុងក្រោយនោះរួមមាន Kasper Schmeichel អ្នកចាំទីក្រុមជម្រើសជាតិដាណឺម៉ាក និង Leicester City, Hugo Lloris ដែលជាប្រធានក្រុមជម្រើសជាតិបារាំង និង Tottenham Hotspur រួមទាំងជាម្ចាស់ពានរង្វាន់ World Cup ២០១៨ និងម្នាក់ទៀតគឺ Thibaut Courtois អ្នកចាំទីបែលហ្ស៊ិក ដែលជាម្ចាស់ពានរង្វាន់ស្រោមដៃមាស World Cup ២០១៨ និងបច្ចុប្បន្នកំពុងលេងនៅ Real Madrid។
លទ្ធផលផ្លូវការ សម្រាប់ពានរង្វាន់អ្នកចាំទីល្អបំផុតរបស់ FIFA នៅឆ្នាំ ២០១៨នេះ នឹងត្រូវប្រកាសនៅថ្ងៃទី ២៤ខែកញ្ញាខាងមុខ ក្នុងកម្មវិធីប្រគល់ពានរង្វាន់ ដែលនឹងធ្វើឡើងក្នុងទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស។ សូមបញ្ជាក់ថា បេក្ខភាព ៣នាក់ចុងក្រោយនេះ គឺកើតឡើងតាមរយៈការបោះឆ្នោត ពីអ្នកគាំទ្រ ពីអ្នកសារព័ត៌មាន ពីគ្រូបង្វឹក និងប្រធានក្រុមបាល់ទាត់ជម្រើសជាតិជាច្រើន។ ហើយការសម្រេចចុងក្រោយ ធ្វើឡើងដោយក្រុមគណៈកម្មការជើងចាស់របស់ FIFA (FIFA Legends)៕