ខ្សែប្រយុទ្ធ Cristiano Ronaldo ចាប់ផ្តើមហ្វឹកហាត់លើកដំបូងជាមួយ Juventus (បណ្តុំរូបភាព)
ក្រោយពីបញ្ចប់វិស្សមកាលនិងការងារផ្ទាល់ខ្លួនជាមួយនឹងក្រុមគ្រួសារ ខ្សែប្រយុទ្ធ Crisitano Ronaldo បានធ្វើដំណើរមកដល់ទីក្រុង Turin វិញកាលពីថ្ងៃអាទិត្យដើម្បីធ្វើការហ្វឹកហាត់ជាមួយក្រុមសេះបង្កង់ Juventus ត្រៀមសម្រាប់បើករដូវកាលថ្មី Italia Serie A។
ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់បានជួបជាមួយមិត្តរួមក្រុមថ្មីៗដូចជា Paulo Dybala, Juan Cuadrado និង Gonzalo Higuain ផងដែរ ក្រោយពេលដែលពួកគេទើបបញ្ចប់វិសម្សកាលរបស់ខ្លួនដូចៗគ្នា។ រីឯក្រុមលោក Massimiliano Allegri កំពុងស្ថិតនៅសហរដ្ឋអាមេរិកធ្វើការប្រកួតមិត្តភាពកំដៅសាច់ដុំចំនួន២ប្រកួតទៀតដោយត្រូវជួបជាមួយ MLS-All Stars និង Real Madrid។
ដោយឡែកកាលពីម្សិលមិញ ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យក៏បានចាប់ផ្តើមធ្វើការហ្វឹកហាត់ជាមួយមិត្តរួមក្រុមថ្មីរបស់ខ្លួនភ្លាមៗផងដែរសម្រាប់ត្រៀមបើកយុទ្ធនាការប្រកួតរដូវកាលថ្មីរបស់លីគកំពូលរបស់អ៊ីតាលី។ អតីតសមាជិក Manchester United ត្រូវបានគេរំពឹងថានឹងបង្ហាញវត្តមាននៅថ្ងៃបើកឆាកការប្រកួតក្របខ័ណ្ឌ Italia Serie A ឲ្យក្រុមការពារតំណែងជើងឯកដោយត្រូវជួបជាមួយ Chievo នៅថ្ងៃទី១៩ ខែសីហាខាងមុខ។
គួររំលឹកថា Juventus បានបំពេញការផ្ទេរយក Cristiano Ronaldo ពី Real Madrid ក្នុងតម្លៃ១១២លានអឺរ៉ូកាលពីថ្ងៃអង្គារទី១០ខែកក្កដា ដោយកីឡាករវ័យ៣៣ឆ្នាំខាងលើត្រូវបានគេរាយការណ៍មកថានឹងទទួលបានថ្លៃនឿយហត់៥សែនផោនក្នុងមួយសប្ដាហ៍អំឡុងកិច្ចសន្យា៤ឆ្នាំ។