
៥ចំនុច ដែលគួរដឹងពីជំនួបបារាំង និងបែលហ្ស៊ិក!
1. មហិច្ឆិតាគ្រូបង្វឹកបារាំង លោក Didier Deschamps
Didier Deschamps បានចាប់ផ្តើមនាំបារាំង ចូលក្នុងការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោក World Cup 2018 ជាមួយនឹងកិត្តិនាមល្អ ក្នុងចំណោមក្រុមដែលគេទទួលស្គាល់ថាខ្លាំងផ្សេងទៀត ដូចជា អាល្លឺម៉ង់ អេស្ប៉ាញ និងប្រេស៊ីលជាដើម។ គ្រូបង្វឹកវ័យ ៤៩ឆ្នាំរូបនេះ បាននាំពន្លឺឲ្យក្រុមជម្រើសជាតិបារាំងជានិច្ច មិនដូចអ្វីដែលអាល្លឺម៉ង់ អេស្ប៉ាញ ប្រេស៊ីល ព័រទុយហ្គាល់ ឬអាស្សង់ទីន បានធ្វើនោះទេ។ បារាំង បានឡើងដល់វគ្គ ១៦ក្រុមចុងក្រោយ ជាមួយនឹងពិន្ទុដ៏មាំ ដែលមិនប្រផិតប្រផើយ មិនបាច់ប្រជែងខ្លាំង ជារួមគឺមក គឺជាមួយទំនុកចិត្ត។ បារាំង ចាប់ផ្តើមធ្វើឲ្យអ្នកគាំទ្រ មើលឃើញថាគេជាក្រុមដែលគួរឲ្យទុកចិត្តបំផុត ក្នុងការកាន់ពានរង្វាន់ World Cup 2018 នៅពេលដែលបានទម្លាក់អតីតក្រុងរងជើងឯង អាស្សង់ទីន នៅវគ្គ ១៦ក្រុម និងទម្លាក់ អ៊ុយរ៉ាហ្កាយ នៅវគ្គ ៨ក្រុមចុងក្រោយ។ លោក Deschamps ប្រហែលជាមិនបញ្ចប់មហិច្ឆិតារបស់លោកនៅត្រឹមប៉ុណ្ណេះទេ។ អ្វីៗនឹងត្រូវបានបញ្ជាក់ ក្នុងការប្រកួតនៅក្នុងសប្តាហ៍នេះ!
2. មហិច្ឆិតាចង់ក្តោបឱកាសរបស់គ្រូបង្វឹកបែលហ្ស៊ិក លោក Roberto Martinez
អតីតគ្រូបង្វឹកក្រុមបាល់ទាត់ក្នុងក្របខណ្ឌនៅអង់គ្លេស Wigan និង Everton រូបនេះ ធ្លាប់បានបញ្ជាក់ថា លោកមិនអាចជោគជ័យក្នុងជីវិតជាអ្នកគ្រប់គ្រងនៅក្លឹបអង់គ្លេស ក៏ព្រោះតែកង្វះធនធានកីឡាករល្អ។ ចុះនៅពេលដែលលោកមានកីឡាករបែលហ្ស៊ិក ដែលពោរពេញទៅដោយសមត្ថភាពហើយ តើលោកនឹងអាចបញ្ចេញសមត្ថភាព ធ្វើឲ្យគេកោតសរសើរបានកម្រិតណា? យ៉ាងណាក៏ដោយ គ្រប់គ្នាបានមើលឃើញថា ក្នុងការប្រកួត World Cup 2018 កន្លងមក បែលហ្ស៊ិក មិនស្រុតចុះនោះទេ ពោលគឺទម្រង់លេងប្លែក និងមានភាពរីកចម្រើនជាលំដាប់។ មហិច្ឆិតារបស់លោកគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ គឺជួយបែលហ្ស៊ិក ឲ្យជោគជ័យ អាជីពរបស់លោកគឺកាន់តែត្រូវបានគេទទួលស្គាល់!
3. ប្រព័ន្ធប្រយុទ្ធ និងការពាររបស់បែលហ្ស៊ិក
ជាច្រើនឆ្នាំមកហើយ ដែលបែលហ្ស៊ិក បានប្រឹងប្រែងក្នុងវិស័យបាល់ទាត់ ទម្រាំអាចប្រមូលផ្តុំបានកីឡាករ ដែលពោរពេញទៅដោយសមត្ថភាព ទេពកោសល្យ មានគុណសម្បត្តិប្រជែងជាមួយក្រុមដែលមានកីឡាករតំលៃខ្លួនថ្លៃបំផុត ដូចជា Neymar របស់ប្រេស៊ីលជាដើម។
ការប្រកួត World Cup នៅក្នុងប្រទេសរុស្ស៊ី នៅពេលនេះ ធ្វើឲ្យគេបានឃើញកីឡាករដ៏អស្ចារ្យមួយចំនួនរបស់បែលហ្ស៊ិក ដែលកំពុងលេងក្នុងក្របខណ្ឌ Premier League របស់អង់គ្លេស ដែលក្នុងនោះ មានដូចជា Eden Hazard, Romelu Lukaku និង Kevin De Bruyne ជាដើម។ ប្រព័ន្ធប្រយុទ្ធ និងការពាររបស់បែលហ្ស៊ិក កាន់តែមាំទៅៗ បន្ទាប់ពីបានប្រកួតឈ្នះជប៉ុន នៅវគ្គ ១៦ក្រុមចុងក្រោយ ដោយប្រផិតប្រផើយ ៣ទល់នឹង២។
ពេលនោះ គ្រប់គ្នាហាក់មើលមកថា បែលហ្ស៊ិក បណ្តោយឲ្យជប៉ុននាំមុខមុន បែលហ្ស៊ិល គឺពិតជាអន់ប្រព័ន្ធការពារណាស់! ប៉ុន្តែគេប្រហែលភ្លេចគិតហើយថា ក្នុងរយៈពេលប្រមាណតែ ៣០នាទីសោះ បែលហ្ស៊ិក បែរជាអាចប្រយុទ្ធបាន ៣គ្រាប់មកវិញ។ ទោះបីជា ប្រផិតប្រផើយ តែបែលហ្ស៊ិក ពិតជាប្តេជ្ញាវាយប្រហារខ្លាំង មិនបណ្តោយឲ្យបាល់ឈានដល់វគ្គថែមម៉ោង ឬកាត់សេចក្តីដោយបាល់ប៉េណាំងទីនោះទេ។ នេះគឺជាអ្វីដែលលោក Martinez ធ្លាប់និយាយក្នុងសន្និសីទកាសែតថា លោកមិនអនុញ្ញាតឲ្យកូនក្រុមរបស់លោកឈានទៅរកការកាត់សេចក្តីដោយបាល់ប៉េណាំងទីនោះទេ ព្រោះវាជាពេលរន្ធត់បំផុត ដែលទំនងជាជាសម្ពាធដ៏ធ្ងន់ធ្ងរសម្រាប់អ្នកចាំទីរបស់លោក និងកីឡាករទាំងអស់។ និយាយពីជំនួបជាមួយប្រេស៊ីលវិញ ទោះបីជាមានការសម្រុកពីខ្សែប្រយុទ្ធសាំបាយ៉ាងណា ក៏បែលហ្ស៊ិក នៅតែប្រឹងទប់/ការពារ ទម្រាំអាចឈ្នះក្នុងលទ្ធផល ២ទល់នឹង១ ដែលគួរជាទីមោទន។
4. ខ្សែប្រយុទ្ធរបស់បារាំង និងកីឡាករកំពូលល្បឿន Mbappe
Kylian Mbappe កើតមិនទាំងទាន់ជំនាន់ដែលបារាំងលើកពានឆ្នាំ ១៩៩៨ផង ពោលគឺគេទើបតែមានអាយុ ១៩ឆ្នាំប៉ុណ្ណោះ។ ខ្សែប្រយុទ្ធរូបនេះ កំពុងតែក្លាយជាទីចាប់អារម្មណ៍បំផុត ដោយសារតែល្បឿនដ៏លឿនរបស់គេ និងទម្រង់នៃការគ្រប់គ្រងបាល់។ Mbappe ថែមទាំងមានដៃគូប្រយុទ្ធល្អដូចជា Antoine Griezmann, Olivier Giroud និង Paul Pogba ដែលពួកគេទាំង ៣ច្រើនតែលេងក្នុងជម្រើស ១១នាក់ដំបូង តែពុំដណ្តើមបាល់គ្នាស៊ុតនោះទេ។ ខ្សែប្រយុទ្ធទាំង ៣នេះ ត្រូវបានរំពឹងថា នឹងជាព្រួញទម្លុះជញ្ជាំងការពារដ៏មាំរបស់បែលហ្ស៊ិក។ គ្មានអ្នកណាអាចឆ្លើយនឹងសំណួរថា តើប្រព័ន្ធប្រយុទ្ធរបស់បារាំងខ្លាំង ជាងប្រព័ន្ធការពាររបស់បែលហ្ស៊ិកឬទេ? ក្រុមទាំង២ មានសមត្ថភាពប្រហាក់ប្រហែលគ្នាមែនទែន!
5. សម្ពាធរបស់លោក Thierry Henry
Thierry Henry គឺជាវីរបុរសរបស់បារាំង! លោកបានជួយឲ្យបារាំង លើកពានរង្វាន់ World Cup កាលពីឆ្នាំ ១៩៩៨ និងពានរង្វាន់បាល់ទាត់ទ្វីបអឺរុប។ ក្នុងនោះ លោក Henry ក៏ជាអតីតកីឡាករដែលស៊ុតបញ្ជូលទីបានច្រើនជាងគេឲ្យបារាំងផងដែរ។ លោក Henry ត្រូវបានពលរដ្ឋបារាំង ស្រលាញ់ និងផ្តល់តំលៃបំផុត ព្រោះគាត់ជាតំណាងជោគជ័យសម្រាប់បារាំង។ ប៉ុន្តែពេលនេះ លោក Henry គឺជាជំនួយការគ្រូបង្វឹករបស់បែលហ្ស៊ិក។ នេះគឺជាសម្ពាធមួយសម្រាប់រូបគាត់ ដែលត្រូវតែបែងចែករវាងទំនួលខុសត្រូវលើកាតព្វកិច្ច និងរវាងប្រទេសជាតិ។ កន្លងមក Mbappe ធ្លាប់ត្រូវគេប្រដូចថាជា Henry កាលនៅពីតូច ហើយកីឡាករវ័យក្មេងរូបនេះ ក៏បានចាត់ទុក Henry ថាជាមនុស្សដែលមានឥទ្ធិពលបំផុតសម្រាប់គេ ក្នុងពិភពបាល់ទាត់។ ពេលវេលានេះ ប្រសិនបើបារាំង ឈ្នះ ឬ ចាញ់ លោក Henry ប្រហែលជាត្រូវយំដូចគ្នា ប៉ុន្តែយើងពិតជាពិបាកដឹងឲ្យច្បាស់ណាស់ថា តើគាត់យំដោយអារម្មណ៍បែបណាឲ្យពិតប្រាកដ!
វិភាគ៖ Admin សុខភារី