
Lukas Modric បារម្ភពីរឿង ៣ចំនុចពេលក្រូអាស៊ី ប៉ះអង់គ្លេស
1. បច្ចេកទេសស៊ុតបាល់បញ្ជូលទីរបស់អង់គ្លេស
«ទំរង់លេងរបស់ពួកគេ គឺគ្រោះថ្នាក់បំផុត។ គេមានកីឡាករ ដូចជា Harry Maguire, Harry Kane, John Stones និងកីឡាករដទៃទៀត ដែលខ្លាំងៗ។ យើងអាចមើលឃើញថា ពួកគេធ្វើការព្រមទាំងតាមផ្នែកនីមួយៗ ចឹងហើយទើបគេអាចរកគ្រាប់បាល់បានច្រើន។ យើងត្រូវតែប្រយ័ត្នគ្រប់ព័ត៌មានលម្អិតទាំងអស់ ហើយយើងនឹងធ្វើឲ្យបានល្អជាងពេលដែលយើងលេងជាមួយរុស្ស៊ី។»
2. កីឡាករអង់គ្លេស យល់ចិត្តគ្នាបានច្រើនជាង
កីឡាករជម្រើសជាតិអង់គ្លេស ដែលលេងនៅ World Cup 2018 គឺសុទ្ធតែលេងនៅក្លឹបបាល់ទាត់ក្របខណ្ឌ Premier League ក្នុងប្រទេសអង់គ្លេសទាំងអស់ ដែលប្រការនេះ ធ្វើឲ្យ Modric គិតថា គេមានការយល់ចិត្តគ្នាបានល្អជាងក្រុមណាៗទាំងអស់។ យ៉ាងណាក៏ដោយ Modric ប្រធានក្រុមជម្រើសជាតិក្រូអាស៊ី ដែលបានចំណាយពេល ៤ឆ្នាំ ជាមួយក្លឹប Tottenham មុនចាកចេញទៅកាន់ Real Madrid កាលពីឆ្នាំ ២០១២ រំពឹងថា គេអាចនឹងប្រើប្រាស់អ្វីដែលធ្លាប់ជោគជ័យនៅអង់គ្លេស មកទប់ទល់នឹងក្រុមអង់គ្លេសដែរ។
3. ក្រូអាស៊ី ឆ្លងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេទនាជាងអង់គ្លេស
បើប្រៀបទៅ ក្រុមនៅក្នុងពូល D ជាមួយក្រូអាស៊ី សុទ្ធតែជាក្រុមដែលត្រូវបានគេទទួលស្គាល់ថាខ្លាំង រួមមានដូចជា អាស្សង់ទីន និងនីស្សេរីយ៉ា ដោយលើកលែងតែអ៊ីស្លង់។ បន្ទាប់ពីវគ្គជម្រុះក្នុងពូល ក្រូអាស៊ី ក៏ត្រូវឡើងមកជួបនឹងដាណឺម៉ាក ដោយឈ្នះទាំងប្រផិតប្រផើយក្នុងលទ្ធផលបាល់កាត់សេចក្តីប៉េណាំងទី នៅវគ្គ ១៦ក្រុមចុងក្រោយ ហើយនៅវគ្គ ៨ក្រុមចុងក្រោយ ក៏ត្រូវកាត់សេចក្តីវគ្គប៉េណាំងទី ជាមួយម្ចាស់ផ្ទះរុស្ស៊ីទៀត។ ក្រូអាស៊ី ទទួលស្គាល់ថា ខ្លួនហត់នឿយហើយក្នុងការឆ្លងកាត់ឧបសគ្គនានា ដើម្បីបានមកដល់ទីនេះ។ ផ្ទុយទៅវិញ ក្នុងពូល G របស់អង់គ្លេស គឺមានតែបែលហ្ស៊ិកប៉ុណ្ណោះដែលខ្លាំងជាងអង់គ្លេស ក្រៅពីនោះ ទុយណេស៊ី និងប៉ាណាម៉ា សុទ្ធតែក្រុមតូចៗដែលទើបឡើង World Cup។
Modric៖ «ប្រកួតជាមួយអង់គ្លេស គឺតែងតែជាសម្ពាធមួយ។ ក្រុមយើងទាំង២ សុទ្ធតែបានឆ្លងកាត់សម្ពាធដូចគ្នា ទម្រាំឡើងមកដល់ពេលនេះ។ ពួកគេដូចជាមិនពិបាកដល់ពួកយើងទេ ប៉ុន្តែអ្វីដែលយើងដឹងថាពួកគេខ្លាំងពិតប្រាកដ គឺនៅពេលដែលគេប្រកួតជាមួយស៊ុយអែត ដែលយើងឃើញថាជាការប្រកួតដ៏ស្វិតស្វាញមួយ។ យើងមានពេលតិចជាងអង់គ្លេស ដើម្បីពង្រឹងខ្លួនសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែយើងច្បាស់ថាយើងនឹងបានប្រសើរឡើង។ …»
សូមបញ្ជាក់ថា ក្រូអាស៊ី នឹងត្រូវប្រកួតជាមួយអង់គ្លេស ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីបន្តឡើងទៅវគ្គផ្តាច់ព្រ័ត្រ នៅវេលាម៉ោង ១យប់ ថ្ងៃទី ១២ខែកក្កដាខាងមុខ៕
ប្រភព៖ The Mirror