ផល សោភ័ណ្ឌ ថា រុងណាផា ល្អគ្រប់ក្បាច់
អ្នកលេងគុនខ្មែរកែងពិឃាដ ផល សោភ័ណ្ឌ សរសើរកីឡាករថៃ រុងណាផា ដែលជាដៃគូប្រកួតរបស់គេនៅសប្តាហ៍នេះថាល្អគ្រប់ក្បាច់ដែលមិនអាចមើលស្រាលបានឡើង ទាំងជង្គង់ ទាត់ និងជំហររឹងល្អនៅលើសង្វៀន ។ កូនសិស្សរបស់លោក ញ៉ូវ ម៉ាក់ បានបញ្ជាក់ថាកីឡាករថៃម្នាក់នេះពិតជាមានក្បាច់ប្រកួតល្អមែន បើតាមការទស្សនាការប្រកួតរបស់គេនៅស្រុកខ្មែរកន្លងមកក្នុងពានរង្វាន់ដណ្តើមពាន ISI Palm កន្លងម ។
អ្នកប្រដាល់កែងរហ័សរូបនេះមិនទាន់ដឹងថាត្រូវបញ្ចេញក្បាច់អ្វីដើម្បីទប់ទល់ជាមួយអ្នកប្រដាល់ខេត្ត សុរិន្ទ៍ នេះនោះទេដោយអ្វីៗត្រូវរង់ចាំការប្រកួតជាក់ស្តែងនៅលើសង្វៀនជាមុនសិន បើមានចំណុចណាល្អគឺវាយចំណុចនោះតែម្តង ព្រោះត្រៀមការហ្វឹកហាត់ដូចគ្នា ។
កីឡាករ រុងណាផា ជាអ្នកប្រដាល់ថៃមួយរូបដែលធ្លាប់ជួបជើងខ្លាំងកម្ពុជាជាច្រើនរូបរួចមកហើយ ដោយរូបគេធ្លាប់ចាញ់ពិន្ទុប្រផុតប្រផើយជាមួយ ឡៅ ចន្ទ្រា ខណៈប្រកួតចុងក្រោយគឺផ្តួលកីឡាករ ថុល មករា ក្នុងទឹកទី៣ ។
ជំនួបរវាងអ្នកទាំងនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី ៧ កក្កដា ក្នុងកម្មវិធីជើងឯកគោជល់វគ្គ៩ គូមិត្តភាព អន្តរជាតិ ចាប់ពីម៉ោង ៦ ល្ងាចនាសង្វៀន ស៊ី អ៊ិន ស៊ី ឬស្សីកែវ ៕