World Cup 2018៖David Beckham ទាយថាគូវគ្គផ្តាច់ព្រ័ត្រគឺអង់គ្លេស vs អាស្សង់ទីន
អតីតប្រធានក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស និងជាបុរសសង្ហាក្នុងវិស័យបាល់ទាត់ លោក David Beckham បានថ្លែងក្នុងកម្មវិធីមួយ ដែលធ្វើឡើងនៅប្រទេសចិន កាលពីដើមសប្តាហ៍ថា លោកមានជំនឿចិត្ត លើអង់គ្លេស និងអាស្សង់ទីន ថាជាក្រុមដែលនឹងឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោក World Cup 2018 ដែលប្រទេសរុស្ស៊ី ធ្វើជាម្ចាស់ផ្ទះ។
ហើយនៅពេលដែលអ្នកកាសែតសួរថា ចុះវគ្គផ្តាច់ព្រ័ត្រលោកគិតថា ក្រុមណានឹងឈ្នះ បើគូនេះកើតឡើងមែន? លោក David Beckham បានឆ្លើយថា ៖ «ខ្ញុំគិតថា ជម្រើសរបស់ខ្ញុំគឺអង់គ្លេស ជាអ្នកឈ្នះ ប៉ុន្តែនិយាយនេះ ដូចជាបំផ្លើសបន្តិច ព្រោះថាអង់គ្លេសជាប្រទេសរបស់ខ្ញុំ។ ខ្ញុំសប្បាយចិត្តដែលក្រុមខ្ញុំឈ្នះ នៅក្នុងការប្រកួតលើកដំបូង។»
លោកបន្តថា៖ «សម្រាប់ខ្ញុំ អង់គ្លេស គឺជាក្រុមក្មេងវ័យ ពួកគេមិនទាន់មានបទពិសោធន៍ច្រើនទេ ហើយដំណើរឆ្ពោះទៅឈ្នះពានរង្វាន់ World Cup នេះ គឺពិបាកខ្លាំងណាស់សម្រាប់ពួកគេ ព្រោះថាមានក្រុមល្អៗជាច្រើននៅក្នុងការប្រកួតនេះ»។
គួរជម្រាបជូនថា ក្នុងការប្រកួតជើងទី១ ក្នុងពូល G អង់គ្លេស បានប្រកួតឈ្នះទុយណេស៊ី ដោយលទ្ធផល ២ទល់នឹង ១ ប៉ុន្តែសម្រាប់អាស្សង់ទីនវិញ ជើងទី ១ បានប្រកួតស្មើជាមួយអ៊ីស្លង់ ហើយជើងទី២ បានប្រកួតចាញ់ក្រូអាត ៣ទល់នឹង ០។ អាស្សង់ទីន នៅមានដង្ហើមអាចឡើងទៅវគ្គបន្តណា ល្គឹកណាទាល់តែគេអាចប្រកួតឈ្នះ នីស្សេរីយ៉ា នៅក្នុងការប្រកួតជើងទី ៣។ ចំណែកអង់គ្លេសវិញ យប់នេះ ក៏ត្រូវប្រកួតជើងទី ២ជាមួយប៉ាណាម៉ា នៅវេលាម៉ោង ១រំលងអាធ្រាត្រ។
សូមរម្លឹកជូនផងដែរថា អង់គ្លេស ក្នុងជំនាន់ David Beckham អាចឡើងដល់វគ្គ ១ភាគ៤ផ្តាច់ព្រ័ត្រ តែម្តងប៉ុណ្ណោះ កាលពីឆ្នាំ ២០០៦ ប៉ុន្តែអាស្សង់ទីន ក្នុងជំនាន់ Messi បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ ២០១៤ នៅប្រេស៊ីល៕
ប្រភព៖ BBC Sport