Yaya Toure ថា Pep Guardiola ជាមនុស្ស «មានបញ្ហាជាមួយជនជាតិអាហ្វ្រិក»
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាពេលថ្មីនេះៗ Yaya Toure អតីតកីឡាករក្លឹប Mancester City និង Barcelona បានចោទប្រកាន់អ្នកចាត់ការទូទៅសញ្ជាតិកាតាឡាន់ លោក Pep Guardiola ថាជាមនុស្ស «មានបញ្ហាជាមួយជនជាតិអាហ្វ្រិក» ដែលនេះជាមូលហេតុបណ្តាលឲ្យរូបគេ ចាកចេញពីកីឡដ្ឋាន Etihad ។
សូមរម្លឹកជូនថា អតីតខ្សែបម្រើសញ្ជាតិ Ivorian វ័យ ២៥ឆ្នាំ បានចាកចេញពីក្លឹប Man City បន្ទាប់ពីបានចូលរួមជួយក្លឹបឲ្យទទួលបានជោគជ័យ ៨រដូវកាលមក។ ក្រោយពីលោក Pep មកដឹកនាំក្រុមមេឃខៀវ គេក៏កម្រឃើញ Yaya Toure ចូលលេងក្នុងជម្រើសដំបូងណាស់ ឬ ពេលខ្លះមិនបានចូលលេងទៀតផង ទោះបីជាមិនមានរបួសក៏ដោយ។ ប៉ុន្តែ ទាំងគ្រូបង្វឹក និងកីឡាកររូបនេះ គឺបានជួយឲ្យ Man City ឲ្យបំបែកកំណត់ត្រា ឈ្នះបាន ១០០ពិន្ទុ និងមានគ្រាប់ស៊ុតបញ្ជូលទីដល់ទៅ ១០៦គ្រាប់។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង Toure បានអះអាងថា មូលហេតុដែលគេចាកចេញពី Barcelona កាលពីឆ្នាំ ២០១០ ក៏បណ្តាលមកពីលោក Pep Guardiola ហើយនៅឆ្នាំ ២០១៨នេះ ក៏ដោយសារគ្រូបង្វឹករូបនេះដូចគ្នា។ Toure ថា ដោយសារតែបញ្ហានេះ គេក៏ចាប់ផ្តើមគិតពីពណ៌សម្បុររបស់ខ្លួន។
Toure ៖ «ខ្ញុំមិនមែនជាមនុស្សដំបូង ដែលនិយាយពីរឿងដែលគាត់ធ្វើដាក់មនុស្សគ្រប់គ្នានោះទេ។ ខ្ញុំដឹងថាមានមិត្តភក្តិខ្លះ នៅ Barca ក៏បានឆ្ងល់ពីរឿងនេះដូចគ្នា។ ប្រហែលជានេះ ដោយសារតែពួកយើងជាជនជាតិអាហ្វ្រិកហើយមើលទៅ បានជាគេធ្វើដាក់យើងខុសពីមនុស្សផ្សេងទៀត ដែលមានស្បែកផ្សេង»។ Toure បន្តថា៖ «ខ្ញុំបានដឹងថា គាត់ជារឿយៗតែមានបញ្ហាជាមួយជនជាតិអាហ្វ្រិក ពេលទៅកន្លែងណាក៏ដោយ ហើយខ្ញុំក៏បានសួរខ្លួនឯងពីរឿងនេះដែរ។ ដូច្នេះខ្ញុំចង់ក្លាយជាមនុស្សម្នាក់ ដែលបំបែកភាពប្រឌិតរបស់ Guardiola»។
គួរជម្រាបជូនថា ក្នុងរដូវកាលបាល់ទាត់ ២០១៦-២០១៧ ក្រោមការដឹកនាំរបស់ លោក Pep,Toure បានបង្ហាញខ្លួនប្រកួតតែ ២២ដងប៉ុណ្ណោះ។ Toure បញ្ជាក់ថា គ្រូបង្វឹករូបនេះ ក៏បានស្នើឲ្យគាត់នៅមួយឆ្នាំទៀតដែរ តែក្នុងលក្ខខណ្ឌឲ្យបង្ហាញខ្លួនតិចតួច។
សារព័ត៌មានកីឡាជាច្រើន បានព្យាយាមទាក់ទងទៅកាន់ក្លឹប Manchester City ដើម្បីឲ្យលោក Pep Guardiola ពន្យល់ពីរឿងនេះ តែក្លឹបមិនទាន់ឆ្លើយតបនោះទេមកដល់ពេលនេះ៕