សួន ចាន់នី ប៉ះអ្នកខ្លាំងដូច ម៉ៃសុទ្ធ បានដឹងសមត្ថភាពខ្លួនឯងដល់កម្រិតណា
អធិរាជប្រដាល់ខណ្ឌឬស្សីកែវ សួន ចាន់នី បានបញ្ជាក់ថាសម្រាប់ការប៉ះជើងខ្លាំងថៃ ម៉ៃសុទ្ធ ប៉េឡេបុរីរ៉ាំ ជាបំណងរបស់គេជាយូរមកហើយនៅពេលឃើញអ្នកប្រដាល់ថៃម្នាក់នេះឈ្នះកីឡាករ គុនខ្មែរជាច្រើនកន្លងមក ហើយមូលហេតុដែលចង់ជួបជើងខ្លាំងម្នាក់នេះ ព្រោះចង់ស្ទង់សមត្ថភាព ខ្លួនឯង ដែលជោគជ័យជាង១០ប្រកួតជាប់គ្នាកន្លងមកនេះ ។
កីឡាករនៃក្លិបបក្សីស្លាបដែក យល់ឃើញថាកីឡាករថៃនេះពិតជាល្អមែនទាំងជង្គង់និងទាត់កាត់ ប៉ុន្តែ សប្បាយចិត្តដែលបានជួបអ្នកខ្លាំងដូចនេះ ឈ្នះរឺចាញ់ជារឿងធម្មតាសម្រាប់ការប្រកួតលើសង្វៀន ។ ជាពិសេសដឹងសតម្ថភាពរបស់យើងថាដល់កម្រិតណាហើយ ដើម្បីពង្រឹងបន្ថែមទៀតដើម្បីឈានដល់ កម្រិតខ្លាំងជាងនេះ ។
សួន ចាន់នី ជាង១០ប្រកួតមកហើយមិនទាន់ស្គាល់ពាក្សថាចាញ់នោះទេ ខណៈអ្នកប្រដាល់មក ពីក្លិប ប៉េឡេបុរីរ៉ាំ ក៏មិនធម្មតាដោយឈ្នះជើងខ្លាំងរបស់កម្ពុជាជាច្រើនរូបរួចមកហើយដែលមានដូចជា ឃឹម ឌីម៉ា , ឡុង សំណាង , វេង សុភ័ក្រ ជាដើម ហើយគេចាញ់តែម្តងប៉ុណ្ណោះក្រោមថ្វីដៃរបស់ ផល សោភ័ណ្ឌ ប្រកួតលក្ខណៈម៉ារ៉ាតុង ។
ជំនួបរវាង សួន ចាន់នី និង ម៉ៃសុទ្ធ ប៉េឡេបុរីរ៉ាំ នឹងធ្វើឡើងនៅយប់ថ្ងៃសុក្រ ទី ០១ ខែមិថុនា នេះ នាសង្វៀន MYTV ចាប់ពីម៉ោង ៨ យប់តទៅ ខណៈមួយគូទៀត វៀត ប៊ុនឌឿន ជួប សេណាណយ ៕