អតីតកីឡាករចិនម្នាក់ធ្លាប់លេងនៅ Everton ត្រូវបានឃាត់ខ្លួន
សារព័ត៌មាន PP Sports រាយការណ៍ថា លោក Li Tie អតីតកីឡាករបាល់ទាត់ជម្រើសជាតិចិនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនអំឡុងចូលរួមវគ្គបណ្ដុះបណ្ដាលមួយ។
ប្រភពដដែលបញ្ជាក់ថា ការឃាត់អតីតខ្សែបម្រើ Everton ត្រូវបានឃាត់ខ្លួនជុំវិញរឿងអាស្រូវពុករលួយ។ ចំណែកសារព័ត៌មាន Sohu ឲ្យដឹងថា អំឡុងធ្វើគ្រូបង្គោលក្លិប Wuhan Zall លោក ទទួលបានបៀវត្សរ៍ជាង៤លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ លោកបានដឹកនាំក្រុមឈ្នះជើងឯក League One 2018 និងឡើងលីគកំពូល២០១៩។
ក្រោយដឹកនាំបានលេខ៦រដូវកាលដំបូងនៅលីគកំពូលចិន ថ្នាក់ដឹកនាំ Wuhan បានបង្កើនទំនុកចិត្ត និងផ្ដល់សិទ្ធិអំណាចកាន់តែខ្លាំងថែមទៀតដល់លោក Li Tie។ ប៉ុន្តែក្រោយមក ត្រូវបានដឹកនាំចោទប្រកាន់ថា បានរំលោភបំពានអំណាចខ្លួន។
លោក Li Tie កើតឆ្នាំ១៩៧៧ ធ្លាប់លេងនៅ Everton ពីឆ្នាំ២០០២ដល់២០០៦ និង Sheffield United ពី២០០៦ដល់២០០៨ មុនចូលនិវត្តន៍ឆ្នាំ២០១១។ លោកធ្លាប់ធ្វើគ្រូបង្គោលក្រុមមួយចំនួន និងចុងក្រោយបង្អស់ជម្រើសជាតិចិន ២០១៩ដល់២០២១ តែក្នុងការជម្រុះ FIFA World Cup 2022 ក្រុមទទួលបានលទ្ធផលមិនល្អ ក៏ឈានដល់ការចែកផ្លូវតែម្ដង៕