គ្រូឥណ្ឌូនេស៊ី ដឹង វៀតណាមនឹងស៊ីខ្មែរច្រើនគ្រាប់ ទើបក្រុមលោកស៊ីម៉ាឡេច្រើនដែរ
លោក Shin Tae-yong គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ីទទូចថា ការព្យាយាមឈ្នះម៉ាឡេស៊ីដល់ទៅ៤ទល់នឹង១ ដោយសារលោកដឹងថា វៀតណាមក៏នឹងឈ្នះកម្ពុជាច្រើនគ្រាប់ដែរ ដើម្បីយកតំណែងកំពូលតារាងប្រចាំពូល B។
មុនការប្រកួតចុងក្រោយប្រចាំពូល B នៃព្រឹត្តិការណ៍ AFF Cup 2020 ឥណ្ឌូនេស៊ី និងវៀតណាម មាន៧ពិន្ទុស្មើគ្នា ខុសគ្នាតែផលសងគ្រាប់បាល់ប៉ុណ្ណោះ (ឥណ្ឌូនេស៊ី +6 និងវៀតណាម +5)។ ចប់ការប្រកួតឥណ្ឌូនេស៊ី ឈ្នះម៉ាឡេស៊ី ៤ទល់នឹង១ យកលេខ១ និងវៀតណាម ឈ្នះកម្ពុជា៤ទល់នឹង០ បានលេខ២។
តាមពិតទៅឥណ្ឌូនេស៊ីយកតែមួយពិន្ទុពីម៉ាឡេស៊ីក៏អាចឡើងបានដែរ ប៉ុន្តែលោក Shin Tae-yong មិនត្រូវការត្រឹមមួយពិន្ទុទេ។
“មុនការប្រកួត ទាំងវៀតណាម និងឥណ្ឌូនេស៊ីស្មើពិន្ទុគ្នា ប៉ុន្តែយើងនៅលេខ១ព្រោះ goal difference។ ខ្ញុំគិតថា វៀតណាមនឹងស៊ីកម្ពុជាយ៉ាងស្រួល ដូច្នេះយើងត្រូវតែព្យាយាមស៊ីឲ្យបានច្រើនដែរដើម្បីគ្រប់គ្រងកំពូលតារាង។ ខ្ញុំផ្ដាំកូនក្រុមថា បើម៉ាឡេស៊ី ស៊ីមុនកុំខ្លាច គិតតែពីព្យាយាមលេងទៅបានហើយ។ យើងមានឱកាស ៥០-៥០ ដែរ។” នេះជាការថ្លែងរបស់គ្រូបង្គោលឥណ្ឌូនេស៊ី។
ដូច្នេះឥណ្ឌូនេស៊ីត្រូវប៉ះក្រុមលេខ២ពូល A សិង្ហបុរី នៅថ្ងៃទី២២ ខែធ្នូ និងក្រុមលេខ២ពូល B វៀតណាម ត្រូវជួបក្រុមលេខ១ពូល A ថៃ នៅថ្ងៃទី២៣ ខែធ្នូ។ ជើងទី២សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងប្រព្រឹត្តនៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខែធ្នូ៕