ជ័យ ស៊ីណេត និង នៅ ស្រីពៅ ខកខានទៅប្រកួតនៅថៃ
អ្នកប្រដាល់គុនខ្មែរ ជ័យ ស៊ីណេត និងកីឡាការិនី នូវ ស្រីពៅ ដែលត្រូវចេញទៅប្រកួតនៅប្រទេសថៃក្នុងកម្មវិធី Muay Hardcore និង Super Champ ក្នុងសប្តាហ៍នេះត្រូវបានលុបចោលវិញ ដោយសារបញ្ហាជំងឺកូរ៉ូណា ក្នុងទឹកដីប្រទេសថៃ បង្ខំចិត្តអោយកម្មវិធិទាំងពីរនេះត្រូវផ្អាកប្រហែលពីរខែ ។
ក្លិប Mr.Ly ដែលជាដៃគូនាំកីឡាករគុនខ្មែរចេញទៅប្រកួតក្នុងកម្មវិធីខាងលើប្រកាសថា តាមព័ត៌មាន ពី ប្រូម៉ូទ័រ ថៃ បញ្ជាក់ថា កម្មវិធី ហាតខ័រ និង ស៊ុបពើឆែម ត្រូវផ្អាកពីរខែ ដោយសារបញ្ហា កូរ៉ូណា នៅថៃ ដូច្នេះគូ ជ័យ ស៊ីណេត និង នូ ស្រីពៅ នៅចុងសប្តាហ៍នេះត្រូវរំសាយហើយ ។
សូមបញ្ជាក់ថា អ្នកប្រដាល់ចាស់វស្សារបស់កម្ពុជា ជ័យ ស៊ីណេត ខាងកម្មវិធីថៃបានរៀបចំអោយគេប្រកួតនៅថ្ងៃទី ០៧ ខែ មិនា នេះនាទឹកដីប្រទេសថៃ ជាលើកទី២ បន្ទាប់ពីគេបានផ្តួលកីឡាករថៃអោយសន្លប់ក្នុងកម្មវិធីខាងលើ ខណៈ នៅ ស្រីពៅ ខកខានជាលើកទីក្នុងការប្រកួតនៅកម្មវិធី Super Champ នេះ បន្ទាប់ពីលើកទី១ កីឡាការិនីជម្រើសជាតិសកលកម្ពុជាមានបញ្ហាសុខភាពមិនទៅប្រកួតបាន ៕