កម្ពុជានឹងមានអត្តពលិកខ្មែរអាមេរិកចូលរួមជម្រើសជាតិច្រើនជាងមុន
កូនខ្មែរដែលជាអ្នកកីឡារស់នៅសហរដ្ឋអាមេរិកចាប់ពីពេលនេះទៅមានឱកាសកាន់តែច្រើនទៀតហើយក្នុងការចូលរួមជួយកម្ពុជានៅព្រឹត្តិការណ៍ប្រកួតនានាទាំងកម្រិតជើងឯក និង Games បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា បានចុះអនុស្សារណៈយោគយល់ជាមួយសមាគមកីឡាកម្ពុជាប្រចាំសហរដ្ឋអាមេរិក។
ការចុះ MoU នេះត្រូវបានធ្វើឡើងនៅក្រសួងអប់រំ យុវជន និងកីឡា ដែលតំណាងដោយឯកឧត្ដមរដ្ឋលេខាធិការ វ៉ាត់ ចំរើន និងលោក ចៅ សុខារី ប្រធានសមាគមកីឡាកម្ពុជាប្រចាំសហរដ្ឋអាមេរិក ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤។
ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សមាគមកីឡាកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានចូលរួមចំណែកជួយជ្រោមជ្រែងដល់កីឡាកម្ពុជាច្រើនមកហើយ ដោយមានការសម្របសម្រួលឱ្យកូនខ្មែរនៅទីនោះមកប្រកួតតំណាងកម្ពុជាជាហូរហែ តែទើបមានការចុះហត្ថលេខាលើអនុស្សារណៈយោគយល់នាពេលនេះប៉ុណ្ណោះ។ ក្នុងនោះដែរក៏នឹងមានការផ្លាស់ប្ដូរបទពិសោធទៅវិញទៅមក ក៏ដូចជាការបង្កើនទំនាក់ទំនងរវាងភាគីអត្តពលិកខ្មែរក្នុងស្រុក និងនៅសហរដ្ឋអាមេរិក ក៏ដូចជាប្រជាជនខ្មែរ និងសហរដ្ឋអាមេរិក។
ឯកឧត្ដម វ៉ាត់ ចំរើន បន្តថា ក្រៅតែពីត្រៀមរៀបចំក្រុមសម្រាប់ការប្រកួតនានាចំពោះមុខ ក្រសួងក៏ត្រៀមឆ្ពោះទៅកាន់ព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
អនុស្សារណៈយោគយល់គ្នារវាងភាគីទាំងពីរនេះ មានសុពលភាពចាប់ពីថ្ងៃទី១ ខែ មេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែ មេសា ឆ្នាំ២០២៧៕