ប្រាក់ ធីវ៉ា ប្រាប់មូលហេតុមិនមានឈ្មោះក្នុងក្រុមជម្រើសជាតិក្នុងព្រឹត្តិការណ៍ FIFA World Cup
ខ្សែបម្រើរបស់ក្លិបភ្នំពេញក្រោនដែលតែងតែបង្ហាញខ្លួនក្នុងជម្រើសជាតិបាល់ទាត់កម្ពុជាបានបញ្ជាក់ មូលហេតុមួយចំនួនដែលធ្វើអោយគេមិនមានឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍ជម្រុះ FIFA World Cup Qatar 2022 ជាមួយក្រុមគោព្រៃក្រោមការដឹកនំារបស់លោក Felix និងអ្នកចាត់ការ Honda ដែលត្រូវប្រកួតជាមួយប៉ាគីស្ថាន ។
កីឡាករដើមកំណើតមកពីខេត្តកោះកុងបានរៀបរាប់ថា កាលពីលោក Leonardo ដឹកនាំនៅក្លិបភ្នំពេញ ក្រោនក្នុងរដូវកាលថ្មីនេះខ្ញុំមិនសូវបានជាប់ជម្រើស១១នាក់ដំបូងនោះទេ ដោយភាគច្រើនបានលេងនៅ ចុងម៉ោង និងមិនបានលេងតែម្តង ដូចនេះធ្វើអោយខ្ញុំមិនបានបង្ហាញសមត្ថភាពដើម្បីអោយគ្រូបង្វឹកជម្រើសជាតិបានមើលឃើញទើបមិនបានកោះហៅចូលជម្រើសជាតិតែម្តង ។ កីឡាករដែលធ្លាប់លេងនៅ ទឹកដីប្រទេសថៃរូបនេះបន្ថែមថា នឹងប្រឹងប្រែងបន្ថែមទៀតដើម្បីបានជាប់ជម្រើសជាតិឡើងវិញ ពីព្រោះ ក្រោមការដឹកនាំរបស់លោក ស៊ុំ វណ្ណា ជំនួសលោកគ្រូបង្វឹកប្រេស៊ីល Leonardo ធ្វើអោយរូបគេបានចូល លេងបានច្រើន ។
គួរបញ្ជាក់ថា ប្រាក់ ធីវ៉ា គឺជាខ្សែប្រយុទ្ធវ័យក្មេងមួយរូប ដែលបានរួមចំណែកយ៉ាងសំខាន់ជាមួយក្រុមភ្នំពេញក្រោន ទាំងការប្រកួតលីគកំពូលកម្ពុជា និងពាន Hun Sen Cup ហើយរូបគេជាប់ជម្រើសជាតិដំបូង ក្នុងឆ្នាំ ២០១៧ ដោយត្រូវបានគ្រូជម្រើសជាតិលោក Leonardo Vitorino ចូលរួមជាមួយជម្រើសជាតិកម្ពុជា ដើម្បីប្រកួតមិត្តភាពជាមួយឥណ្ឌូនេស៊ី នៅថ្ងៃទី០៨ ខែមិថុនា និងប្រកួតផ្លូវការជាមួយអាហ្វហ្គានីស្ថាន ក្នុងវគ្គជម្រុះពាន AFC Asian Cup 2019 នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ និងជាប់ក្នុងឈុតអាយុក្រោម ២៣ឆ្នាំក្នុងពាន AFC U23 Championship និងបានជាប់ជាបន្តបន្ទាប់ រហូតមកផងដែរ ៕