U22 ថៃអត់មានកីឡាករសំខាន់២រូបនៅ៣ប្រកួតដំបូង
លោក Issara Sritaro គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិថៃបង្ហើបថា កីឡាករសំខាន់២រូបមិនអាចជួយក្រុមបានទេក្នុងការប្រកួត៣លើកដំបូងនៃវគ្គចែកពូលបាល់ទាត់បុរសស៊ីហ្គេម។
បទប្បញ្ញត្តិកីឡាបាល់ទាត់បុរសស៊ីហ្គេមលើកទី៣២ កំណត់ថា ក្រុមនីមួយៗអាចចុះឈ្មោះកីឡាករផ្លូវការចំនួន២០នាក់ ហើយតម្រូវឱ្យអ្នកចាំទី២នាក់។ លើសពីនេះក្រុមត្រូវបានអនុញ្ញាតឱ្យកក់ទុកអ្នកចាំទីទីបី។
U22 ថៃ គ្រោងនឹងប្រើប្រាស់កីឡាករ១៨នាក់ក្នុង៣ប្រកួតដំបូង ខណៈរង់ចាំខ្សែប្រយុទ្ធ Teerasak Poeiphimai និងខ្សែបម្រើ Jonathan Khemdee មករួមកម្លាំងនៅពេលក្រោយ តាមកាលវិភាគដែលបានព្រមព្រៀងជាមួយ Port FC និង Ratchaburi FC។ U22 ថៃមិនចង់ខ្ជះខ្ជាយទេពកោសល្យរបស់កីឡាករពីររូបក្នុងដំណើរដណ្តើមមេដាយមាសស៊ីហ្គេម៕