Pogba របួសជាថ្មីក្រោយចូលហាត់បានមួយរយៈ
ទើបតែបានជាសះស្បើយពីរបួសជង្គង់ខាងស្តាំ និងបានបង្ហាញខ្លួនជាលើកដំបូងនៅ Juventus ខ្សែបម្រើ Paul Pogba មានបញ្ហាភ្លៅខាងស្តាំ ដោយសម្រាកយ៉ាងហោចណាស់មួយខែ។
នៅក្នុងខែមិថុនា ឆ្នាំ ២០២២ Pogba បានយល់ព្រមកាត់បន្ថយប្រាក់ខែជាងពាក់កណ្តាល ដើម្បីត្រលប់ទៅ Juventus វិញ ដោយមិនគិតថ្លៃផ្ទេរ និងបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ នៅចុងខែកក្កដា ខ្សែបម្រើសញ្ជាតិបារាំងបានរងរបួសជង្គង់ខាងស្តាំអំឡុងហ្វឹកហាត់នៅសហរដ្ឋអាមេរិក ត្រូវវះកាត់ និងខកខានការប្រកួត World Cup ឆ្នាំ២០២២។
អតីតខ្សែបម្រើ Manchester United បានបង្ហាញខ្លួនម្តងទៀតបន្ទាប់ពីអវត្តមាន៣១៥ថ្ងៃហើយបានលេងការប្រកួតផ្លូវការដំបូងសម្រាប់ Juventus ពេលចូលជំនួស Enzo Barrenechea ក្នុងនាទី៦៨ ឈ្នះ Torino ៤-២ ក្នុងជុំទី២៤ នៃក្របណ្ឌ Serie A នៅថ្ងៃទី២៨ ខែកុម្ភៈ។ នេះក៏ជាការប្រកួតផ្លូវការលើកដំបូងរបស់គេចាប់តាំងពី ខែមេសា ឆ្នាំ២០២២ អំឡុងនៅជាមួយ Man Utd៕