
ខ្សែប្រយុទ្ធថៃ Dangda ថា មិនចង់បានអីពីហ្វីលីពីនក្រៅពី៣ពិន្ទុពេញ
ខ្សែប្រយុទ្ធ Teerasil Dangda ដែលជា All Time Top Scorer នៃពានរង្វាន់ AFF Cup មិនបានគិតអ្វីលើសពីការបាន៣ពិន្ទុពេលពួកគេប្រកួតជាមួយហ្វីលីពីននៅថ្ងៃចន្ទ ទី២៦ ខែធ្នូ នេះនាកីឡដ្ឋាន Thammasat ។
បន្ទាប់ពីដណ្តើមបាន៣ពិន្ទុពេញក្នុងការប្រកួតជាលើកដំបូងរបស់ពួកគេក្រៅតទល់ព្រុយណេ កាលពីប៉ុន្មានថ្ងៃមុន ក្រុមការពារតំណែងជើងឯកថៃត្រូវការបន្តជ័យជម្នះយ៉ាងចាំបាច់។
“យើងផ្តោតទាំងស្រុងលើការប្រកួតដំបូងរបស់យើងនៅផ្ទះ។ ក្រុមហ្វីលីពីនបានធ្វើការផ្លាស់ប្តូរជាច្រើនចំពោះក្រុមរបស់ពួកគេ ប៉ុន្តែយើងកំពុងទន្ទឹងរង់ចាំការប្រកួតដ៏ជោគជ័យ។” នេះជាការថ្លែងរបស់ Teerasil វ័យ៣៤ឆ្នាំដែលបានបង្កើតកំណត់ត្រានៃការរកគ្រាប់បាល់បញ្ចូលទី២០គ្រាប់នៅ AFF Cup (គិតសរុប)។ គេបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០០៨។
ថៃទើបប្រកួតបានមួយលើកប៉ុណ្ណោះ ដោយឈ្នះព្រុយណេ ០ទល់នឹង៥។ ចំណែកហ្វីលីពីន ចាញ់កម្ពុជា និងឈ្នះព្រុយណេ៕