Barca ប្ដឹងទៅ FIFA ទារសំណងមួយថ្ងៃ២ម៉ឺនអឺរ៉ូ រឿង Dembele របួស
ដូចដឹងហើយថា Ousmane Dembele មានបញ្ហារបួសខ្លាំងមែនទែនអំឡុងជំនួបជាមួយជម្រើសជាតិហុងគ្រី រហូតដល់ថ្នាក់ត្រូវទទួលការវះកាត់នៅថ្ងៃទី២៨ ខែមិថុនា ហើយត្រូវអវត្តមានច្រើនខែ។
ដោយសារតែបញ្ហាហ្នឹងហើយ Barcelona ដែលជាក្លិបរបស់កីឡាករជម្រើសជាតិបារាំងរូបនេះកើតទុក្ខមិនសុខចិត្ត ក៏ប្ដឹងទៅសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ដើម្បីដោះស្រាយគ្នា ព្រោះអីកីឡាករខ្លួនរបួសអ៊ីចឹង មិនបានលេង ហើយក៏ត្រូវអស់ប្រាក់ឈ្នួលថែមទៀត។
បើតាមសារព័ត៌មាន Mundo Deportivo ក្រុមនៅ La Liga ខាងលើទាមទារសំណង២០៥០០អឺរ៉ូក្នុងមួយថ្ងៃ។ ប្រភពព័ត៌មានពីអេស្ប៉ាញដដែលពន្យល់បន្ថែមថា ការទាមទារសំណងអាចធ្វើបានក្នុងករណីកីឡាកររងរបួសហ្នឹងត្រូវសម្រាកពីចន្លោះ២៨ថ្ងៃឡើងដល់មួយឆ្នាំ។ នេះក៏ជាច្បាប់ថ្មីមួយដើម្បីគាំពារកីឡាករ បង្កើតឡើងដោយ FIFA តាំងពីពាក់កណ្ដាលឆ្នាំ២០១៩ម្ល៉េះ។
ដូច្នេះពេលកីឡាករណាម្នាក់មានបញ្ហារបួសអំឡុងការប្រកួតជម្រើសជាតិក្នុងកាលវិភាគរបស់ FIFA នោះក្រុមម្ចាស់ផ្ទះជាអ្នករ៉ាប់រងសង។ ដើម្បីទទួលបានថ្លៃសំណង ក្លិបត្រូវតែផ្ដល់ព័ត៌មានលម្អិតពីស្ថានភាពរបួសរបស់កីឡាករទៅកាន់ FIFA។
បើបានលុយសំណង នោះ Barcelona អាចដោះស្រាយបញ្ហាសេដ្ឋកិច្ចខ្លួនឯងបានខ្លះ។ បើតាមគម្រោង គឺក្រុមរហស្សនាមអ្នកមានបុណ្យគ្រោងបន្តកុងត្រាថែមទៀតដល់ Dembele លើសុពលភាពចាស់ដែលផុតកំណត់ក្នុងខែមិថុនា ឆ្នាំ២០២២៕