
ណាហ្គាប្រកាសពីការចូលនិវត្តន៍របស់អ្នកចាំទី សំរិត សីហា
អ្នកចាំទីណាហ្គាវើលដ៍ សំរិត សីហា ចូលនិវត្តន៍ជាផ្លូវការហើយពីអាជីពជាកីឡាករ។ នេះបើតាមការបង្ហោះពីក្លិបបាល់ទាត់ណាហ្គាវើលដ៍នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលា។
ប៉ុន្មានរដូវកាលចុងក្រោយនេះ អតីតអ្នកចាំទីក្រសួងការពារជាតិ និងភ្នំពេញក្រោនមិនសូវបង្ហាញខ្លួនជាប់លាប់ទេ តែគេក៏បានរួមចំណែកជាគ្រូបង្វឹកចាំទីដល់អ្នកចាំទីណាហ្គាវើលដ៍ដែរ។ នាពេលថ្មីៗនេះ គេត្រូវបានកោះហៅចូលធ្វើគ្រូចាំទីក្នុងក្រុមជម្រើសជាតិអាយុក្រោម២០ឆ្នាំទៀតផង។
សំរិត សីហា ផ្ដើមអាជីពបាល់ទាត់ដំបូងនៅឆ្នាំ២០០៨ជាមួយក្រសួងការពារជាតិ មុនផ្លាស់ទៅភ្នំពេញក្រោននៅឆ្នាំ២០១២។ ២រដូវកាលបន្ទាប់ សីហា ចូលលេងឲ្យណាហ្គាក្នុងឆ្នាំ២០១៤-១៥ បន្តទៅក្លិបអង្គរថាយហ្គឺរនៅឆ្នាំ២០១៦ ហើយកាលដើមឆ្នាំ២០១៧បានចូលរួមជាមួយណាហ្គាវើលដ៍ជាថ្មីរហូតមកដល់បច្ចុប្បន្ន៕