
លីគកំពូលរដូវកាលនឹងគិតកាលវិភាគដូចនៅអឺរ៉ុប
លោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុន Cambodian Premier League បានបញ្ជាក់ថា ការប្រកួតជម្រើសជើងឯកជាតិ Cambodian Premier League ចាប់ពីឆ្នាំក្រោយទៅនឹងចាប់ផ្ដើមរាប់ពីរដូវកាល២០២៣/២០២៤។
ថ្នាក់ដឹកនាំខាងលើសង្កត់ធ្ងន់ថា លីគនៅប្រទេសផ្សេងៗមួយចំនួនទៀតក៏បានផ្លាស់ប្ដូរទៅជាប្រកួតឆ្លងឆ្នាំដែរ។ លោកថា ការធ្វើបែបនេះ ងាយស្រួលក្នុងការជ្រើសរើសកីឡាករបរទេស និងកីឡាករដែលមានសក្ដានុពលអាចចេញទៅក្រៅប្រទេសបាន ព្រោះមានកាលវិភាគដូចគ្នា។ ការប្រកួតអាចនឹងចាប់ផ្ដើមពីខែសីហា ២០២៣។
ចំណែកការប្រកួត League Cup ២០២៣ វិញ នឹងចាប់ផ្ដើមពីខែកុម្ភៈ ដល់ខែឧសភា។ យ៉ាងណា លោក Satoshi បញ្ជាក់ថា នេះគ្រាន់តែស្ថិតក្នុងគម្រោងប៉ុណ្ណោះ មិនទាន់អនុម័តនៅឡើយទេ៕