អ្នកគាំទ្ររបស់ Man Utd គប់ភ្លើងចន្លុះដាក់ផ្ទះរបស់លោក Ed Woodward ជាការគម្រាម
(BC-99)
ដោយសារតែការខឹងសម្បារបានបណ្តាលអោយអ្នកគាំទ្រនៃក្រុមបិសាចក្រហម Manchester United គប់ចន្លុះផ្សែងភ្លើងចូលទៅគេហដ្ឋានរបស់នាយកប្រតិបត្តិ Ed Woodward ។
រូបភាពគួរឱ្យតក់ស្លុតដែលគេបានយកចេញពីម៉ាស៊ីនថតសុវត្ថិភាពបានបង្ហាញពីក្រុមអ្នកគាំទ្រ Manchester United ប្រហែល ២០ នាក់ដែលអ្នកខ្លះត្រូវបានគេជឿថាជាសមាជិកក្រុមអ្នកគាំទ្រដៃឆៅរហស្សនាម “Men in Black” ដែលមានបំណងវាយប្រហារលើភូមិគ្រិះ ដែលមានតម្លៃ ២ លានផោន របស់ហិរញ្ញិក Ed Woodward ។
ក្រុមអ្នកគាំទ្របែបអ្នកលេងទាំងនេះបានប្រមូលផ្តុំគ្នានៅខាងក្រៅខ្លោងទ្វារធំដែលជាច្រកចូលវិមានដ៏ស្កឹមស្កៃនេះកាលពីយប់ថ្ងៃ អង្គារ ដោយបានស្រែកជេនូវពាក្យសម្តីអសុរស ប្រមាទមើលងាយលើនាយកប្រតិបត្តិរូបនេះ។ នៅពេលដែលគ្មាននរណាម្នាក់ឆ្លើយ ពួកគេទាំងនោះបានបាញ់ថ្នាំពណ៌ក្រហមលើទ្វារហើយបានដុតគ្រាប់បែកផ្សែងពណ៌ក្រហមរួមទាំងភ្លើងចន្លុះបោះចូលទៅក្នុងទីធ្លាផ្ទះដែលមើលទៅគួរអោយភ័យខ្លាច។
លោក Woodward រួមទាំងប្រពន្ធរបស់គាត់ឈ្មោះ Isabelle និងកូនស្រីភ្លោះអាយុ ៦ ឆ្នាំត្រូវបានរាយការណ៍ថាមិននៅក្នុងផ្ទះនោះឡើយក្នុងអំឡុងពេលកើតហេតុនោះ។ មានមតិជាច្រើនបានលើកឡើងថាជីវិតរបស់ Woodward កំពុងឋិតក្នុងគ្រោះមហន្តរាយក្នុងនាមជានាយកប្រតិបត្តិដូចនេះលោកត្រូវតែចាកចេញពីក្លឹបដើម្បីសន្តិសុខផ្ទាល់ខ្លួន។
មានប្រិយ៍មិត្តរបស់បិសាចក្រហមខ្លះហ៊ានទាំងសរសេរគម្រាមលោកទៀតថា “ដោយសារតែប្រាក់ខែ ៤ លានផោនក្នុងមួយឆ្នាំ បានធ្វើអោយអ្នកមើលអ្វីមិនឃើញពីអ្វីដែលអ្នកកំពុងតែបំផ្លាញក្លិបរបស់ខ្ញុំ យើងនិងសងត្រឡប់ទៅអ្នកវិញសព្វបែបយ៉ាង!”។
ក្លិប Manchester United ក៏បានចេញសេចក្តីថ្លែងការណ៍ក្រោយពីប៉ូលីសនៅ Great Manchester បានកំណត់មុខសញ្ញាជនដៃដល់ទាំននោះថា ក្លិបមិនគាំទ្រអំពើយូកូងរបស់អ្នកគាំទ្រទាំងនោះឡើយ ហើយពួកគេនឹងទទួលទោសទៅតាមច្បាប់របស់ចក្រភពអង់គ្លេស។
នៅមិនទាន់មានការបញ្ជាក់ណាមួយពីម្ចាស់ភូមិគ្រិះឡើយអំពីការដាក់ពាក្យបណ្តឹងបន្ថែមបន្ទុកឬដំណោះស្រាយណាមួយនោះ តែគេជឿថារឿងរ៉ាវខាងលើនេះមិនមែនទើបតែកើតមានជាលើកតំបូងចំពោះលោក Ed Woodward ឡើយ។