ប្រវត្តិខ្លះៗរបស់ Legend បាល់ទាត់ខ្មែរ មិត្ត សំអែល
យោងតាមការបង្ហោះពីលោក រិទ្ធ ឌីកា នៅយប់ថ្ងៃអង្គារ នេះ លោក មិត្ត សំអែល ដែលជាអតីតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា សម័យសង្គមរាស្ត្រនិយម បានទទួលមរណភាពហើយ។
ក្រោមនេះយើងសូមលើកយកប្រវត្តិខ្លះៗរបស់មិត្ត សំអែល ដែលស្រង់ចេញពីទំព័រ Cambodian Muslim Players ៖
“
លោកគ្រូតា មិត្ត សំអែល ខ្សែប្រយុទ្ធខ្មែរពូកែតែតបាល់បញ្ចូលទីនាទសវត្សរ៍៦០ បានទទួលមរណៈភាពហេីយប្រមាណជាមួយម៉ោងមុននេះ។
លោកគ្រូតា មិត្ត សំអែលគឺជាអតីតកីឡាករក្រសួងការពារជាតិ និង អតីតកីឡាករជម្រើសជាតិកម្ពុជាមួយរូបក្នុងចំណោមកីឡាករជម្រើសជាតិទាំងឡាយនាទសវត្សរ៍ ៦០ និង ៧០។ ចន្លោះពេលជាប់ជម្រើសជាតិពីឆ្នាំ១៩៦៧ដល់ ១៩៧០។ លោកកើតនៅថ្ងៃទី ១០ ខែមករា ឆ្នាំ១៩៤០នៅភូមិ ឃ្លាំងស្បែក ឃុំ កំពង់ល្លួង ស្រុក ពញាឮ ខេត្តកណ្ដាល។
ក្រោយឆ្នាំ ១៩៧៩ លោកគឺជាអ្នកធ្វើឲ្យបាល់ទាត់ខ្មែរមានពន្លឺឡើងវិញ បន្ទាប់ សម័យប៉ុលពត បានបញ្ចប់ កីឡាករដែលលោកធ្លាប់បង្ហាត់ និង បណ្ដុះបណ្ដាលដោយផ្ទាល់ដៃមានដូចជាសំអែលណាសា(កូនប្រុសរបស់លោកផ្ទាល់), រិទ្ធ ឌីកា, អៀង សាក់នីដា, នាង ចេនឡា, គឹម ចាន់ប៊ុណ្ណារិទ្ធ, កៅ គីរី, សំ វណ្ណដេត, រិទ្ធ កាណូ និង ឆោម វាសនា ជាដើម។”