អង់គ្លេសជាក្រុមមួយទៀតដែលមិនរបូតគ្រាប់បាល់សោះក្នុងវគ្គចែកពូល Euro ឆ្នាំនេះ
គ្រាប់ទី២របស់ Raheem Sterling ក្នុងព្រឹត្តិការណ៍ Euro 2020 ឆ្នាំនេះបាននាំអង់គ្លេសឈរកំពូលតារាងពូល D ហើយត្រូវប៉ះក្រុមណាមួយមកពីពូល F ដែលអាចជាក្រុមបារាំង, អាល្លឺម៉ង់ ព័រទុយហ្គាល់ ឬហុងគ្រី នាកីឡដ្ឋាន Wembley។
Raheem Sterling បានតែតបញ្ចូលទីគ្រាប់ជ័យជម្នះតែមួយគត់លើសាធារណរដ្ឋឆែក ក្នុងនាទី១៣ ពីការបញ្ជូនដោយ Jack Grealish។
ឆ្លងកាត់ការប្រកួត៣លើកមកក្នុងពូល អង់គ្លេសរកបានតែ២គ្រាប់ប៉ុណ្ណោះ តែពួកគេក៏ជាក្រុមទី២ដែលមិនរបូតគ្រាប់បាល់ឡើយក្នុងដំណាក់កាលសន្សំពិន្ទុនេះ បន្ទាប់ពីអ៊ីតាលី។ នៅមានស៊ុយអែតមួយទៀតដែលមិនទាន់របូតគ្រាប់ តែនៅសល់មួយប្រកួតក្នុងដៃនៅពូល E ដែលត្រូវប៉ះប៉ូឡូញ។
យ៉ាងណា អ្វីដែលគួរបារម្ភមួយនោះ គឺ Harry Kane មិនទាន់រកបានគ្រាប់បាល់បញ្ចូលទីនៅឡើយទេ។ ជាក់ស្ដែង គេមានឱកាសយ៉ាងល្អក្នុងនាទី២៦ តែត្រូវបានអ្នកចាំទីឆែកសង្គ្រោះបាន។ សរុបទៅក្នុងការប្រកួតនេះ ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំស៊ុតបានតែ២ដង និងប៉ះច្បាស់តែ៥៩ភាគរយ ទទួលបានពិន្ទុឯកត្តជន ត្រឹម៦,៨ពិន្ទុ ដែលជាពិន្ទុតិចជាងគេ។ ១២ប្រកួតចុងក្រោយ Kane រកបានតែ២គ្រាប់ប៉ុណ្ណោះសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស៕