ឡុង សំណាង ប៉ះយ៉េន ឌីណា ថ្ងៃសៅរ៍នេះដណ្ដើមខ្សែក្រវាត់គោជល់ និងទឹកប្រាក់២០លានរៀល
អ្នកប្រដាល់គុនខ្មែរជួរមុខ២រូប គឺ ឡុង សំណាង និងយ៉េន ឌីណា នឹងត្រូវប៉ះគ្នានៅល្ងាចថ្ងៃសៅរ៍ ទី២៥ ខែមិថុនា សប្ដាហ៍នេះដើម្បីដណ្ដើមខ្សែក្រវាត់គោជល់ដ៏ពិសេសមួយគ្រឿង អមដោយទឹកប្រាក់រង្វាន់២០លានរៀល។
មុនឈានមកជួបគ្នាលើសង្វៀន CNC ឫស្សីកែវ សំណាង សិស្សគុនក្លិបសាលវ័ន្ដគុនខ្មែរជាម្ចាស់ខ្សែក្រវាត់គោជល់ដែលដណ្ដើមបានក្នុងវគ្គជម្រុះចំណោម៣នាក់ ខណៈឌីណា មកពីក្លិបអេភូថងកីឡា ធ្លាប់គ្រងខ្សែក្រវាត់គោជល់២លើកមកហើយ។
នេះមិនមែនជាលើកទី១ទេដែលអ្នកទាំង២ឡើងតតាំងគ្នា ពោលច្រើនលើកមកហើយ ប៉ុន្តែឡុង សំណាង មិនដែលស្គាល់ជ័យជម្នះលើយ៉េន ឌីណា ទេ។
ឡុង សំណាង ពិតជាទទួលស្គាល់ពីសមត្ថភាពដ៏ល្អរបស់រៀមច្បង យ៉េន ឌីណា ឬប៉ោ ភារិទ្ធ ដែលជាម្ចាស់មេដាយមាសស៊ីហ្គេម២០២២ផងនោះ។ គេថា ឌីណា ល្អគ្រប់ក្បាច់តែម្ដង យ៉ាងណា គេនឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីខ្សែក្រវាត់គោជល់។
ចំណែក យ៉េន ឌីណា វិញ រំពឹង៦០ភាគរយ តែក៏សរសើរឡុង សំណាង ដែលល្អឡាំ និងរឹង។
ក្រៅពីការប្រកួតគូឯកដណ្ដើមខ្សែក្រវាត់រវាងជើងខ្លាំង២ ក៏នឹងមានគូប្រកួតពិសេសៗទៀតផងដែរ៕