Abramovic គ្រោងដេញថ្លៃទិញក្លិប Valencia
លោក Roman Abramovic នឹងចូលរួមដេញថ្លៃទិញក្លិប Valencia ដោយប្រជែងជាមួយអ្នកជំនួញ Miguel Zorio។
សារព័តមាន Metro រាយការណ៍ថា លោក Miguel Zorio បានស្នើទិញ Valencia តម្លៃ២៤៨លានអឺរ៉ូ។ អ្នកជំនួញជនជាតិអេស្ប៉ាញបង្ហើបថា លោក Abramovic ម្ចាស់ក្លិប Chelsea ក៏ប្រជែងជាមួយលោកដែរ។
“លោក Peter Lim ព្យាយាមលក់ Valencia ក្នុងតម្លៃ២៥០លានផោន តែលក់មិនដាច់។ ថ្មីៗនេះ គាត់ថា មានជម្រើស២ ទី១ចង់លក់ឲ្យខ្ញុំ និងទី២ចង់លក់ឲ្យលោក Abramovic។ “ នេះជាការបញ្ជាក់ពីលោក Miguel Zorio។
បើតាម the Mirror ទោះរងទណ្ឌកម្មពីរដ្ឋាភិបាលអង់គ្លេស លោក Abramovic មិនបោះបង់បាល់ទាត់ទេ។ មហាសេដ្ឋីជនជាតិរុស្ស៊ីចង់ជួយក្លិប Valencia អំឡុងវិបត្តិហិរញ្ញវត្ថុ និងស្ដារក្លិបនេះទៅជាក្រុមខ្លាំងថ្មីមួយនៅអឺរ៉ុប៕