
មើលទៅដូចមិនសូវស្រួល PSG ត្រៀមអ្នកជំនួស Mbappe រួចជាស្រេច
ក្លិប Paris Saint-Germain បានកំណត់គោលដៅក្នុងការនាំយកជម្រើសខ្សែប្រយុទ្ធថ្មី ដើម្បីមកជំនួស Kylian Mbappe ដែលផុតកិច្ចសន្យាជាមួយពួកគេនៅដំណាច់រដូវកាលនេះ ខណៈការព្រមព្រៀងកិច្ចសន្យាថ្មី ហាក់ពុំមានអ្វីរីកចម្រើនឡើយ។
Kylian Mbappe បានប្រាប់ពីគម្រោងអនាគតរបស់ខ្លួនថា នឹងផ្ទេរទៅចូលរួម Real Madrid នៅដំណាច់រដូវកាលនេះ បើទោះបីជាមានការអង្វរយ៉ាងទទូចពីក្លិបបច្ចុប្បន្នរបស់គេ ក៏ដូចជាថ្នាក់ដឹកនាំនៅប្រទេសបារាំងក៏ដោយ។
ដូច្នេះហើយ Paris Saint-Germain បានសម្លឹងឃើញ ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំងម្នាក់ គឺកីឡាករ Amine Gouiri របស់ក្លិប Nice ដែលមានកុងត្រារហូតដល់រដូវក្ដៅឆ្នាំ២០២៤។
ទោះយ៉ាងណាក្ដី PSG នៅរង់ចាំការសម្រេចអនាគតរបស់ Mbappe ជាមួយពួកគេ ហើយប្រសិនបើខ្សែប្រយុទ្ធវ័យ២៣ឆ្នាំចាកចេញ ក្លិបអ្នកមានមួយនេះ នឹងមិនស្ទាក់ស្ទើរនោះទេ ក្នុងការដាក់សំណើផ្ទេរ Gouiri ពីក្លិប Nice៕
-Monsoon-