
លឹម ពិសុទ្ធ ត្រូវវះកាត់របួសបែកឆ្អឹងជង្គង់
ក្លិបបាល់ទាត់ភ្នំពេញក្រោនបានប្រកាសនៅព្រឹកថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា កីឡាករ លឹម ពិសុទ្ធ នឹងទទួលការវះកាត់របួសបែកឆ្អឹងជង្គង់។ បន្ទាប់ពីការវះកាត់នេះទៅ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះនឹងបន្តសម្រាកព្យាបាលរបួសពីចន្លោះ២ទៅ៣ខែ។
ភ្នំពេញក្រោនសរសេរបែបនេះ “៖ក្លិបបាល់ទាត់ភ្នំពេញក្រោន សូមជម្រាបជូនអ្នកគាំទ្រទាំងអស់ឲ្យបានជ្រាបថា កីឡាករ លឹម ពិសុទ្ឋ បានបែកទ្រនាប់ជង្គង់ជើងខាងឆ្វេង ហើយបន្ទាប់ពីការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ ពិសុទ្ឋ ត្រូវការធ្វើការវះកាត់នៅបញ្ហារបួសនេះ។ ក្លិបបាល់ទាត់ភ្នំពេញក្រោនសូមថ្លែងអំណរគុណនៅការយកចិត្តទុកដាក់ពីសំណាក់អ្នកគាំទ្រ និងសហព័ន្ធបាល់ទាត់កម្ពុជា ដែលបានសហការជាមួយក្លិប ក្នុងករណីព្យាបាលរបួសរបស់កីឡាករ លឹម ពិសុទ្ឋនេះ។ គួរបញ្ជាក់ផងដែរថា ពិសុទ្ឋ អាចនឹងនៅឆ្ងាយពីទីលានប្រហែលជា ២ ទៅ ៣ ខែ យើងសង្ឃឹមថា ពិសុទ្ឋ នឹងត្រលប់មកវិញជាមួយភាពរឹងមាំសម្រាប់ភ្នំពេញក្រោន និងក្រុមជម្រើសជាតិកម្ពុជា 👊🇰🇭”
គួរដឹងដែរថា លឹម ពិសុទ្ធ ត្រូវបានអ្នកចាត់ការ U23 កម្ពុជា លោក Keisuke Honda បង្ខំចិត្តដកឈ្មោះចេញ បន្ទាប់ពីរកឃើញថា រូបគេមានបញ្ហារបួសខាងលើ៕