Thomas Tuchel៖ ខ្ញុំមានអារម្មណ៍អស្ចារ្យណាស់ក្រោយក្លាយជាគ្រូបង្វឹករបស់ Chelsea
កាលពីម្សិលមិញ ក្រុមតោខៀវ Chelsea បានប្រកាសតែងតាំងលោក Thomas Tuchel ធ្វើជាគ្រូបង្វឹកថ្មី ជំនួសកន្លែងរបស់លោក Frank Lampard ដែលត្រូវបានបញ្ចប់តំណែងក្រោយពីដឹកនាំក្រុមទទួលបានលទ្ធផលមិនល្អ។
អតីតខ្សែបម្រើខាងលើនេះបានចំណាយលុយពីគណនីធនាគាររបស់ Chelsea អស់ចំនួន៣០០លានដុល្លារសហរដ្ឋអាមេរិកក្នុងការនាំចូលកីឡាករថ្មីៗជាច្រើនដូចជា Timo Werner, Hakim Ziyech, Kai Havertz, Ben Chilwell និង Edouard Mendy ជាដើម ដើម្បីមកធ្វើការប្រកួតប្រជែងនៅរដូវកាលនេះ។
ក្រោយពីទទួលបានការតែងតាំងភ្លាម អតីតគ្រូបង្វឹក Mainz 05, Borussia Dortmund និង Paris Saint-Germain និយាយថា ខ្លួនពិតជាសប្បាយចិត្តណាស់ដែលត្រូវបាន Chelsea ផ្តល់ការទុកចិត្តសម្រាប់ឱកាសការងារនេះ ជាពិសេសការផ្តល់ទំនុកចិត្តមកលើក្រុមការងាររបស់ខ្លួន។
បុរសជនជាតិអាល្លឺម៉ង់បានបន្ថែមទៀតថា៖ “ខ្ញុំមានអារម្មណ៍អស្ចារ្យណាស់នៅទីនេះក្នុងការប្រែក្លាយជាគ្រូបង្វឹករបស់ Chelsea ខ្ញុំមិនអាចរងចាំក្នុងការដឹកនាំក្រុមធ្វើការប្រយុទ្ធនៅក្របខ័ណ្ឌដែលមានការប្រកួតប្រជែងដ៏ខ្លាំងបែបនេះឡើយ។”
គួររំលឹកថា មូលហេតុចម្បងរហូតឈានទៅដល់ការបញ្ចប់តំណែងរបស់ Frank Lampard គឺដោយសារតែលទ្ធផលនៅក្នុងក្របខ័ណ្ឌ Premier League ទៅវិញទេ ពោលគឹដោយសារតែក្រុមរបស់មហាសេដ្ឋីរុស្ស៊ីធ្លាក់មកដល់ចំណាត់ថ្នាក់លេខ៩ ក្រោយពេលចាយលុយជាច្រើនរយលានក្នុងការនាំចូលកីឡាករថ្មីៗនៅរដូវកាលនេះ ដែលជាហេតុធ្វើឱ្យម្ចាស់ក្លឹបនិងថ្នាក់ដឹកនាំធំៗមិនសប្បាយចិត្តតែម្តង។