អ៊ូច ធារិទ្ធ និង ឈួន រិទ្ធី ជាបេក្ខភាពត្រៀមទៅស៊ីហ្គេមនៅ វៀតណាម
កីឡាករ អ៊ូច ធារិទ្ធ និង ឈួន រិទ្ធី ( ឈួន ម៉ាញ) ដែលជា ម្ចាស់ជ័យលាភីប្រដាល់សកលជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ នឹងក្លាយជាបេក្ខភាពត្រៀមប្រជែងមេដាយស៊ីហ្គេមលើកទី៣១ នៅវៀតណាម នាខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ ។
លោក ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ថ្លែងក្នុងពិធីបិទការប្រកួតប្រដាល់សកលជ្រើរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២០ កាលពីពេលថ្មីៗនេះថា កីឡាករ កីឡាការិនី ដែលជាជ័យលាភី សុទ្ធតែជាបេក្ខភាព ដែលត្រូវជ្រើសរើសប្រមូលផ្តុំហ្វឹកហាត់ត្រៀមចូលរួមប្រកួតប្រជែងមេដាយនៅវៀតណាម ។
អ៊ូច ធារិទ្ធ ជាកីឡាករជម្រើសជាតិផ្នែកសកល ហើយក៏ជាកីឡាករគុនខ្មែរ ល្អម្នាក់ដែរ ។ ធារិទ្ធ ចូលប្រកួតសកលប្រភេទទម្ងន់ ៥៦ គីឡូក្រាម ហើយទទួលបានមេដាយមាស តំណាងក្រសួងមហាផ្ទៃ ។ ចំណែក ឈួន រិទ្ធី បានបងប្អូនស្គាល់ថា ថៃ រិទ្ធី ក៏ទទួលបានមេដាយមាស ដែរ ដោយប្រកួតទម្ងន់ ៧៥ គីឡូក្រាម តំណាងក្រសួងការពារជាតិ ។ ក្រៅពីកីឡាករទាំងពីរ ម្ចាស់មេដាយមាស តាមទម្ងន់ផ្សេងៗ សុទ្ធតែត្រៀមសម្រាប់ស៊ីហ្គេម ក្នុងនោះមានដូចជា ម៉ន ព្រហ្មម៉ាញ , ផល សោភ័ណ្ឌ និង កីឡាការិនី នៅ ស្រីពៅ ជាដើម ៕