ណាហ្គាតែងតាំងឃឹម បូរី ជាគ្រូបង្វឹកក្រុមធំ
ឃឹម បូរី បានបញ្ចប់អាជីពជាកីឡាករហើយនៅរដូវកាល២០២២នេះ ហើយត្រូវបានណាហ្គាវើលដ៍តែងតាំងជាគ្រូបង្វឹកក្រុមធំ (First Team Coach)។
សម្រាប់ទំនួលខុសត្រូវរបស់អតីតខ្សែប្រយុទ្ធឆ្នើមជម្រើសជាតិខាងលើ គឺទទួលបន្ទុកបង្ហាត់ក្រុមធំ ទាក់ទងសំខាន់បច្ចេកទេស។ ដោយសារតែបូរី មានត្រឹមវិញ្ញានបត្រកម្រិត B នៅឡើយ ទើបតំណែងគ្រូបង្គោលត្រូវរ៉ាប់រងដោយនាយកបច្ចេកទេស Jose Borges Alves ដែលមាន A-License ជំនួសវិញ។
គួររំឭកថា ឃឹម បូរី បានចូលហ្វឹកហាត់បាល់ទាត់ដំបូងនៅក្រសួងការពារជាតិអំឡុងឆ្នាំ២០០០ និង ជាប់ជម្រើសជាតិពីចន្លោះឆ្នាំ២០០៧ដល់២០១៥។
ម្ចាស់ស្បែកជើងមាស MCL ២០០៨ដដែលក៏ធ្លាប់ចំណាយពេលលេងឲ្យក្លិប Sisaket នៅលីគកំពូលថៃ លើកិច្ចសន្យាខ្ចីពីភ្នំពេញក្រោន កាលឆ្នាំ២០១១ ផងដែរ។ ពីឆ្នាំ២០១៥ដល់ចប់រដូវកាល២០២១ គេលេងនៅណាហ្គាវើលដ៍៕