អាយអេសអាយដង្កោសែនជ័យនាំចូលកូនខ្មែរបារាំង២រូប
ក្នុងដំណើរត្រៀមប្រកួតក្របខណ្ឌទី២ ឬ Cambodian League 2 រដូវកាល២០២២ ខាងមុខ ក្លិបបាល់ទាត់អាយអេសអាយដង្កោសែនជ័យកំពុងពង្រឹងខ្លួនយ៉ាងខ្លាំង ទាំងហេដ្ឋារចនាសម្ព័ន្ធ និងសមាសភាពក្រុម។
ជាក់ស្ដែងក្រៅពីនាំចូលកីឡាករសម្បូរបទពិសោធដូចជា ខ្សែការពារ ង៉យ ស្រ៊ីន នោះ ក្រុមមានមូលដ្ឋាននៅផ្លូវវេងស្រេង បានស៊ីញ៉េកុងត្រានាំចូលកីឡាករខ្មែរបារាំង២នាក់ទៀត គឺខ្សែការពារ ប៉ាក់ កែវមុនី និងខ្សែប្រយុទ្ធ សេង សារ៉ាវុទ្ធី។
មុនី ដែលមានឪពុកម្ដាយជាជនជាតិខ្មែរតែគេកើតនៅបារាំង បានចំណាយពេល២រដូវកាលនៅភ្នំពេញក្រោន ហើយឈ្នះជើងឯកលីគកំពូល២០២១។ គេបានចាកចេញក្រោយដាច់រដូវកាលមុន។
ចំណែក សេង សារ៉ាវុទ្ធី ធ្លាប់លេងនៅភ្នំពេញក្រោន ឆ្នាំ២០១៩, កងយោធពលខេមរភូមិន្ទ ជើងទី១ និងគិរីវង់សុខសែនជ័យជើងទី២ ២០២០ដល់២០២១។
អាយអេសអាយក៏ទើបតែចែកផ្លូវជាមួយកូនខ្មែរបារាំងម្នាក់ទៀត គឺ រដ្ឋ វីរៈ ដែលផ្ទេរទៅវិសាខា។
គួរបញ្ជាក់ថា Cambodian League រដូវកាល២០២២ នឹងចាប់ផ្ដើមពីថ្ងៃទី០៥ ខែមីនា តទៅ៕