Roma គ្មានគម្រោងដេញ Mourinho ទេ ទោះជួបលទ្ធផលអាក្រក់បំផុតក្នុងពេល៤៣ឆ្នាំ
លោក Jose Mourinho នៅតែទទួលបានទំនុកចិត្តពីថ្នាក់ដឹកនាំ AS Roma ទោះទទួលបានលទ្ធផលមិនល្អនាពេលថ្មីៗនេះ។
សារព័ត៌មាន Corriere dello Sport ផ្សាយថា នាយកក្លិប Roma បានជួបជាមួយគ្រូបង្គោល Mourinho ក្រោយចាញ់ Juventus។ យ៉ាងណា ថ្នាក់ដឹកនាំជាន់ខ្ពស់មិនបានពិចារណាពីលទ្ធភាពនៃការដកតំណែងបុរសជនជាតិព័រទុយហ្គាល់ឡើយ។
កាលពីប៉ុន្មានថ្ងៃមុន Roma បានចាញ់ Juventus ៣ទល់នឹង៤ ក្នុងការប្រកួតលីគកំពូលអ៊ីតាលី ទោះបាននាំមុខ៣ទល់នឹង១ មុនក្ដី។
ក្រោយចប់ការប្រកួតនោះ លោក Mourinho និយាយថា កូនក្រុមរបស់លោកមានអារម្មណ៍ដូចបាក់ៗ ហើយអត់មានកីឡាករបង្គោលដែលចេះជួយលើកទឹកចិត្តគ្នាលើទីលាន។
នេះជាបរាជ័យទី៩ក្នុងចំណោម២១ប្រកួតនៅ Serie A ដែលជាកំណត់ត្រាអាក្រក់បំផុតក្នុងរយៈពេល៤៣ឆ្នាំ។ គោលដៅរបស់ Roma រដូវកាលនេះ គឺព្យាយាមយកឲ្យបានកៅអី UEFA Champions League ដោយចូលទៅ Top 4 នៅ Serie A។ ផ្ទុយទៅវិញ ឥឡូវនេះក្រុមមានមូលដ្ឋាននៅក្រុងរ៉ូម នៅក្រោមកៅអីលេខ៤ដល់ទៅ៩ពិន្ទុ ទោះលេងតិចជាងគេមួយប្រកួត៕