គ្រូថ្មីបណ្តោះអាសន្ន Manchester United ប្តេជ្ញាដឹកនាំក្រុមឱ្យបានលទ្ធផលជោគជ័យបំផុតក្នុងរយៈពេល៦ខែនេះ
ក្រុមបិសាចក្រហម Manchester United បានធ្វើការប្រកាសជាផ្លូវការអំពីការតែងតាំងលោក Ralf Rangnick គ្រូបង្វឹកបណ្តោះអាសន្នរហូតដល់ចប់រដូវកាលនេះ។
ក្រៅពីការងារដឹកនាំក្រុមក្នុងរយៈពេល៦ខែនេះ បុរសដែលត្រូវគេប្រសិទ្ធនាមជា “បិតាបាល់ទាត់អាល្លឺម៉ង់” នឹងបន្តការងារផ្នែកបច្ចេកទេសរបស់ក្រុមជាបន្តរយៈ២ឆ្នាំទៀត។
លោក Ralf Rangnick បានថ្លែងតាមរយៈគេហទំព័រក្លឹបថា៖ “ភារកិច្ចរបស់ខ្ញុំនៅទីនេះគឺដឹកនាំក្រុមឱ្យទទួលបានជោគជ័យក្នុងរយៈពេល៦ខែ ហើយខ្ញុំនឹងបន្តជួយផ្នែកបច្ចេកទេសជាបន្តទៀតរយៈពេល២ឆ្នាំ។ ខ្ញុំពិតជាពេញចិត្តណាស់ចំពោះសមាសភាពក្នុងក្រុមនាពេលបច្ចុប្បន្ននេះ ព្រោះយើងមានកីឡាករឈុតធំ និងឈុតតូច ដែលមានសមត្ថភាពអាចប្រជែងគ្នាបាន។ ដូចនេះខ្ញុំនឹងខំដើម្បីឱ្យក្រុមទទួលបានជោគជ័យ”។
ដោយឡែកសម្រាប់ពេលនេះ Michael Carrick នៅតែបន្តដឹកនាំក្រុមសិន ស្របពេលដែលលោក Ralf Rangnick មិនទាន់ទទួលបាន Visa ក្នុងការហោះមកកាន់ទឹកដីអង់គ្លេសនៅឡើយទេ។