ក្រុមមួយនៅលីគកំពូលព័រទុយហ្គាល់មានគ្នាតែ៩នាក់ ត្រូវ Benfica នាំមុខ៧គ្រាប់តង់ទី១
ក្នុងការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលព័រទុយហ្គាល់សប្ដាហ៍ ទី១២ ថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ក្លិបបាល់ទាត់ Belenenses សល់គ្នាតែ៩នាក់ប៉ុណ្ណោះ បូកអ្នកចាំទី ទល់នឹងក្លិប Benfica ដោយសារតែការឆ្លងជំងឺកូវីដ១៩។
Belen1enses ក៏បានសម្រេចចិត្តរុញអ្នកចាំទីបម្រុង Joao Monteiro ទៅលេងរ៉ូលជាខ្សែបម្រើ ព្រោះអត់គ្រប់គ្នា។
ក្រុមម្ចាស់ផ្ទះមួយនេះបានរបូតគ្រាប់បាល់តាំងពីនាទីទី០១ ដោយសារការភ្លាត់ចូលទីខ្លួនឯងដោយ Eduardo Kau។ គ្រាន់តែចប់វគ្គទី០១ Benfica នាំមុខ០ទល់នឹង៧មុនទៅហើយ។
ចូលដល់វគ្គទី២ ស្រាប់តែ Belenenses មានគ្នាតែ៧នាក់ ហើយមួយសន្ទុះក្រោយមកអ្នកចាំទីបម្រុង Joao Monteiro ដែលប្ដូរទៅលេងបម្រើនោះ មានបញ្ហារបួស។ ក្រុមក៏សម្រេចចិត្តបោះបង់ការប្រកួតនេះចោល ដោយសារតែ Belenenses មានគ្នាមិនគ្រប់ចំនួនអប្បរមា។
ប្រធានក្លិប Belenenses និយាយថា តាំងពីចេះមើលបាល់៤៨ឆ្នាំទៅហើយនោះ លោកមិនដែលឃើញស្ថានភាពបែបនេះទេ។ ភាគីខាងលោកមិនចង់លេងទេ តែមកពីគណៈកម្មការបង្ខំពេក។ ចំណែកគណៈកម្មការវិញនិយាយថា ប្រសិនបើរកឃើញក្លិបនេះបោះបង់ការប្រកួតដោយចេតនា នោះនឹងមានការពិន័យ ដោយកាត់ពី៥ទៅ៨ពិន្ទុ៕