គ្រូបាល់ទាត់ជម្រើសជាតិវ៉េណេស៊ុយអេឡាលាឈប់ ក្រោយមិនបានប្រាក់ខែ១៤ខែហើយ
លោក Jose Peseiro បានលាឈប់ពីតំណែងជាគ្រូបង្គោលក្រុមបាល់ជម្រើសជាតិវ៉េណេស៊ុយអេឡា ក្រោយត្រូវបានសហព័ន្ធបាល់ទាត់ប្រទេសនេះជំពាក់ប្រាក់ខែដល់ទៅ១៤ខែមកហើយ។
ការលាឈប់នេះកើតឡើងត្រឹមមួយសប្ដាហ៍មុនយុទ្ធនាការជម្រុះ FIFA World Cup 2022 ក្នុងតំបន់អាមេរិកខាងត្បូង ចូលមកដល់។
លោក Peseiro ថ្លែងបែបនេះ “៖យើងព្យាយាមគ្រប់យ៉ាង រហូតដល់យើងគិតថា គ្មានអ្វីត្រូវបន្តសហការគ្នាទៀតទេ។ ខ្ញុំប្រឹងប៉ុណ្ណឹងទៅហើយ បែរជាពន្យារដល់ទៅ១៤ខែទៅវិញ។ អ៊ីចឹងឈប់បន្តតែម្ដងទៅ។”
បុរសជនជាតិព័រទុយហ្គាល់បានចូលបង្ហាត់វ៉េណេស៊ុយអេឡាក្នុងខែកុម្ភៈ ឆ្នាំ២០២០ ជំនួសគ្រូចាស់ Rafael Dadamel ដែលចាកចេញដោយសារបញ្ហាជម្លោះជាមួយសហព័ន្ធបាល់ទាត់វ៉េណេស៊ុយអេឡា។ ក្នុងការដឹកនាំ១០ប្រកួតរបស់លោក Peseiro ក្រុមនេះឈ្នះតែមួយលើក ស្មើ៣ និងចាញ់៦។
ទំព័រ Facebook របស់សហព័ន្ធក៏បានបញ្ជាក់ពីការចាកចេញរបស់លោក Peseiro ដែរ។ លោក Jorge Gimenez ប្រធានសហព័ន្ធបាល់ទាត់វ៉េណេស៊ុយអេឡានិយាយថា លោក Peseiro បានចុះកុងត្រាតាំងពីសម័យប្រធានសហព័ន្ធចាស់ម្ល៉េះ ហើយលោកអាចទទួលបានប្រាក់ខែតាមកុងរបស់លោកជាលុយអឺរ៉ូ។ យ៉ាងណាដំណើរការបើកប្រាក់ខែបានជួបបញ្ហា៕