Fred នៅតែនិយាយថា Man Utd គឺជាក្រុមដ៏ល្អមួយបើទោះជាមិនឈ្នះពានអ្វីមួយក៏ដោយ
(BC-99)
ខ្សែបម្រើ Fred របស់ក្រុមបិសាចក្រហម Manchester United បាននិយាយថារូបគេពិតជារីករាយជាមួយក្រុម Manchester United សម្រាប់រដូវកាលដែលទើបតែកន្លងផុតទៅនេះ។
បើទោះជាបិសាចក្រហមបានតាមពីក្រោយរហូតដល់ទៅ ១២ ពិន្ទុពីមេឃខៀវ Manchester City ដែលជាគូប្រជែងនិងជាម្ចាស់ជើងឯក Premier League រដូវកាល ២០២០-២១ និងបើទោះជាចាញ់ពានរង្វាន់ Europa League ដោយចាញ់ Villarreal ក៏ដោយក៏មិនធ្វើឱ្យកីឡាករជម្រើសជាតិ ប្រស៊ីល រូបនេះមានចិត្តងាករេពីក្រុមរបស់ខ្លួនឡើយ។
នៅពេលថ្មីៗនេះ Fred បាននិយាយប្រាប់គេហទំព័រផ្លូវការរបស់ United ថា៖ “ ប្រាកដណាស់សម្រាប់ខ្ញុំក្រុមពិតជាធ្វើបានល្អហើយរីកលូតលាស់នៅរដូវកាលនេះ។ យើងអាចឡើងដល់វគ្គផ្តាច់ព្រ័ត្រ Europa League បើទោះជាមិនអាចឈ្នះក៏ខ្ញុំនៅតែគិតដែរថាក្រុមរបស់យើងមានរដូវកាលដ៏អស្ចារ្យមួយ”។
រដូវកាលថ្មីរបស់ Premier League នឹងត្រឡប់មកវិញក្រោយពីការប្រកួត Euro 2020 បញ្ចប់ខណៈដែល Fred ក៏រួចដៃពីការជួយក្រុមជម្រើសជាតិនៅ Copa America ផងដែរ។ Fred បានធ្វើការបញ្ជាក់ថារូបគេមានក្តីរំពឹងយ៉ាងមុតមាំថា Manchester United នឹងកាន់តែមានភាពរឹងមាំល្អប្រសើរខ្លាំងជាងនេះ។