Dybala ជះជិតកន្លះលានដុល្លារទិញឡានទំនើប អបអរគ្រាប់ទី១០០នៅ Juventus
គ្រាប់បាល់បញ្ចូលទីក្នុងជ័យជម្នះ៣ទល់នឹង១របស់ Juventus លើ Sasuolo ជាគ្រាប់ទី១០០សម្រាប់ Paulo Dybala ក្នុងក្រុមរហស្សនាមសេះបង្កង់។ ដើម្បីអបអរសាទរនូវសមិទ្ធផលនេះ ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំបានផ្ដល់កាដូដ៏ពិសេសមួយសម្រាប់ខ្លួនឯង។
Dybala បានទិញរថយន្ដទំនើប ម៉ាក Lamborghini Aventador S Roadster តម្លៃ៣៨ម៉ឺនអឺរ៉ូ ឬជាង៤៦ម៉ឺនដុល្លារអាមេរិក ហើយគេបានរើសពណ៌លឿងយ៉ាងស្រស់ឆើត។
អតីតកីឡាករ Palermo ជាអ្នកនិយមរថយន្ដប្រភេទ Sport នេះ។ គេចង់បានរថយន្ដដែលត្រូវបានបញ្ចេញលក់ក្នុងឆ្នាំ២០១៧មួយនេះ តាំងពី២-៣ឆ្នាំមុនម្ល៉េះ។
Dybala បានក្លាយជាកីឡាករមិនមែនអឺរ៉ុបដំបូងគេនៅ Juventus ដែលរកបានចាប់ពី១០០គ្រាប់ឡើង ក្រោយផ្លាស់ពី Palermo ដើមរដូវកាល២០១៥/២០១៦៕