កូនលោកគ្រូ ប្រាក់ សុវណ្ណារ៉ា រកក្លិបថ្មីឃើញហើយ
កីឡាករបាល់ទាត់ ប្រាក់ សុវណ្ណពិសិដ្ឋ ដែលត្រូវជាកូនប្រុសរបស់គ្រូបង្វឹកបាល់ទាត់ល្បីឈ្មោះ ប្រាក់ សុវណ្ណារ៉ា បានរកឃើញក្លិបថ្មីរបស់ខ្លួនហើយ បន្ទាប់ពីចាកចេញពីក្លិប គិរីវង់សុខសែនជ័យ កាលពីចប់រដូវកាល ២០២០ កន្លងមក ។
ក្លិបទី៤របស់អតីតយុវជនក្លិប ព្រះខ័នរាជស្វាយរៀង រូបនេះគឺ ISI DSC ដែលស្ថិតក្នុងលីគលំដាប់ទី២របស់កម្ពុជា ។ ក្លិប ISI បានធ្វើការប្រកាសអំពីការចុះកិច្ចសន្យាជាមួយខ្សែការពាររូបនេះ រួចរាល់ហើយនៅថ្ងៃនេះ សម្រាប់ការត្រៀមចូលរួមពានរង្វាន់ផ្សេងៗ ។
ប្រាក់ សុវណ្ណពិសិដ្ឋ បានផ្ដើមអាជីពបាល់ទាត់ កាលពីឆ្នាំ២០១០ ក្នុងវ័យ ១៣ឆ្នាំ ជាមួយក្រុមថ្នាលយុវជនក្រុមព្រះខ័នរាជស្វាយរៀង បន្ទាប់មកទើបត្រូវបានគ្រូបង្វឹកជំនាន់លោក សំ វ៉ាន់ដេត ដឹកនាំផ្ដល់ឱកាសដល់រូបគេឡើងលេងក្រុមធំ ក្នុងឆ្នាំ២០១៥ និងបានជួយក្រុមឈ្នះជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៧ ដែលជាពានអាជីពលើកដំបូងរូបគេ ដណ្ដើមបានជាមួយក្លឹប ។
ឆ្នាំ ២០១៨ ខ្សែការពាររូបនេះបានផ្លាស់ទៅចូលរួមជាមួយ ក្លិប សូលទីឡូអង្គរ រហូតដល់ជុំទី២ រដូវកាល ២០២០ ទើបមកចូលរួមជាមួយក្លិប គិរីវង់សុខសែន ជ័យ ដល់ចប់រដូវកាល ២០២០ ៕