កីឡាករ Barca នាំគ្នាអាំងសាច់នៅផ្ទះ Messi មុនប្រកួតសំខាន់មកដល់
កីឡាករ Barcelona បានប្រមូលផ្ដុំគ្នានៅគេហដ្ឋានរបស់ Lionel messi នាថ្ងៃចន្ទ ទី០៣ ខែឧសភា ដោយមានការអាំងសាច់ និងហូបចុកយ៉ាងរីករាយ មុនការប្រកួត La Liga តទឡ់ Atletico Madrid ចូលមកដល់នៅថ្ងៃសៅរ៍ ទី០៨ ខែឧសភា ខាងមុខ។
ក្រោយទទួលបានជ័យជម្នះ២ទល់នឹង៣លើ Valencia នាកីឡដ្ឋាន Mestalla នាល្ងាចថ្ងៃអាទិត្យ ទី០២ ខែឧសភា ក្រុមលោក Ronald Koeman បានដាក់គោលដៅឈ្នះទាំង៤ប្រកួតនៅសល់។
ប្រសិនបើអាចឈ្នះ Atletico Madrid នោះ ពួកគេអាចនៅសល់ក្ដីសង្ឃឹមច្រើនក្នុងការប្រជែងជើងឯក La Liga។
សារព័ត៌មានអេស្ប៉ាញ Marca រាយការណ៍ថា កីឡាករដែលបានចូលរួមអាហារពេលល្ងាចនេះបាននាំទាំងគូស្នេហ៍ចូលរួមថែមទៀត។
ក្រោយចាប់ផ្ដើមរដូវកាលមិនបានល្អ ទំនាក់ទំនងក្នុងចំណោមកីឡាករបានប្រសើរឡើងវិញហើយប៉ុន្មានខែចុងក្រោយ។
ជាធម្មតា ពួកគេជួបគ្នានៅភោជនីយដ្ឋាន តែលើកនេះសម្រេចធ្វើម្ហូបនៅផ្ទះប្រធានក្រុមវិញ។
ក្រុមលោក Ronald Koeman បានហ្វឹកហាត់សម្រួលខ្លួននាពេលព្រឹក ក្រោយការប្រកួតតទល់ Valencia។ យោងតាមវិធានការថ្មីស្ដីពីការទប់ស្កាត់កូវីដ១៩នៅអេស្ប៉ាញ ក្នុងមួយតុអាហារ អាចអង្គុយបាន៦នាក់ ដាច់គ្នានៅកន្លែងវាល៕