ជើងទី២៖ ខេត្តកណ្តាល ត្រូវការយកឈ្នះ ខេត្តសៀមរាប លើស ៣គ្រាប់ ខណៈកោះកុង សង្ឃឹមតិចណាស់
នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ក្នុងវគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត រដូវកាល ២០២០ ជើងទី២ ក្រុមជម្រើសខេត្តកណ្តាល ត្រូវទទួលស្វាគមន៍ ក្រុមជម្រើសខេត្តសៀមរាប លើវាលស្មៅកីឡដ្ឋានខេត្តកណ្តាល ខណៈដែលក្រុមជម្រើសខេត្តកោះកុង ទទួលភ្ញៀវ ខេត្តព្រៃវែង នាកីឡដ្ឋានវិទ្យាល័យកោះកុង នាវេលាម៉ោង ៣:០០នាទីរសៀលដំណាលគ្នា។
ចំពោះលទ្ធផលនៃការប្រកួតជើងទី១ កន្លងមក ជម្រើសខេត្តសៀមរាប ក្នុងនាមជាម្ចាស់ផ្ទះបានយកឈ្នះលើ ជម្រើសខេត្តកណ្តាល ដោយលទ្ធផល ៣-១ កាលពីសប្តាហ៍មុន ស្របពេលដែលម្ចាស់ផ្ទះខេត្តព្រៃវែង ក៏បានយកឈ្នះលើក្រុមកោះកុង ដោយលទ្ធផលក្រាសក្រែល ៥ទល់១ កាលពីថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០ នាកីឡដ្ឋានខេត្តព្រៃវែង។
សូមបញ្ជាក់ថា ក្រុមដែលអាចឆ្លងផុតវគ្គនេះ ចំនួន ៤ ក្រុម នឹងទទួលបានសិទ្ធទៅប្រកួតថ្នាក់ជាតិ ជាមួយក្រុមនៅក្នុងលីគកំពូលកម្ពុជា ចំនួន ១២ ក្រុមផ្សេងទៀត ដោយលើកលែងតែក្រុមសាលាបាល់ទាត់ជាតិបាទី មិនចូលរួមប្រកួតនោះទេ៕