Paul Scholes ឱ្យយោបល់ទៅ Man United គួរទិញខ្សែប្រយុទ្ធ២រូបនេះ បើសិនចង់ឈ្នះ Premier League
អតីតខ្សែបម្រើ Paul Scholes បានផ្តល់ដំបូន្មានដល់គ្រូបង្វឹក Ole Gunnar Solskjaer ថា គួរតែរកមើលខ្សែប្រយុទ្ធលេងតំណែងលេខ៩មុតស្រួចឱ្យប្រាកដមួយ បើសិនជា Manchester United មានបំណងចង់ប្រជែងពានរង្វាន់ក្របខ័ណ្ឌ Premier League នារដូវកាលក្រោយ។
ការនិយាយបែបនេះគឺដោយសារតែរបស់វីរបុរសបិសាចក្រហមខាងលើមើលថា Manchester United កំពុងតែខ្វះខាតខ្សែប្រយុទ្ធដែលមានសមត្ថភាពបញ្ចប់ទីយ៉ាងខ្លាំង ព្រោះបើពឹងផ្អែកលើទម្រង់លេងឡើងចុះរបស់ Anthony Martial គឺមិនអាចជួយឱ្យក្រុមឈ្នះពានរង្វាន់អ្វីបានឡើយ ខណៈដែលនៅតំបន់ផ្សេងៗគឺមានសភាពល្អប្រសើរខ្លាំងហើយ។
បុរសដែលឈ្នះពានរង្វាន់ក្របខ័ណ្ឌកំពូលអង់គ្លេស១១សម័យខាងលើបានបន្ថែមទៀតថា កីឡាករដែល Ole គួរតែពិចារណាក្នុងការនាំយកមកកាន់ទឹកដី Old Trafford គឺមានដូចជាខ្សែប្រយុទ្ធ Erling Haaland ឬក៏ Harry Kane ជាដើម ដែលពួកគេទាំង២រូបនេះគឺជាបេក្ខភាពដ៏សាកសមបំផុតសម្រាប់ក្រុមទាំងមូល។
គួរឱ្យដឹងថា សម្រាប់ការប្រកួតប្រជែងពានរង្វាន់ Premier League នារដូវកាលនេះ Manchester United ហាក់ដូចជាបាត់បង់ឱកាសទៅហើយ ក្រោយពេល Manchester City ត្រូវការឈ្នះតែ៤ប្រកួតទៀតតែប៉ុណ្ណោះដើម្បីក្លាយជាម្ចាស់ជើងឯក។