អ៊ុំ សេរីរ័ត្ន ៖ ខ្ញុំនៅមានផ្លូវមួយដែលអាចបន្តអាជីពបាល់ទាត់វិញ
អ្នកចាំទី អ៊ុំ សេរីរ័ត្ន របស់ក្លិបបាល់ទាត់ សមាគមកីឡាបាល់ទាត់ ខ ភ ម ( Tiffy Army ) បានសម្រេចចិត្តលាឈប់ពីវិស័យបាល់ទាត់កាលពីម្សិលមិញ ។ ការសម្រេចចិត្តនេះ ដោយសារបញ្ហារបួសសរសៃជង្គង់នៅតែបន្តឈឺ ខណៈការព្យាបាលមិនអាចទៅរួច ប៉ុន្តែរូបគេបានបង្ហើបថានឹងវិលមកបន្តអាជីពវិញ បើសិនស្ថានភាពកូវីដ១៩ បានរលាយ ហើយការបើកច្រកព្រំដែនមកធម្មតាវិញ ដើម្បីចេញទៅព្យាបាលនៅក្រៅប្រទេស ។
អតីតអ្នកចាំទីជម្រើសជាតិបាល់ទាត់កម្ពុជា បានប្រាប់ MSR SPORT ថា ៖ បញ្ហាសរសៃជង្គង់បានកើតឡើងក្នុងអំឡុងឆ្នាំ ២០១៨ បន្ទាប់មកបានវះកាត់នឹងបានចូលលេងវិញនៅក្នុងរដូវកាល ២០២០ ដោយលេងបានតែ ៣ ទៅ ៤ ប្រកួតទាំងដែលជើងមិនទាន់ជា១០០ភាគរយ ។ ការសម្រេចចិត្តរបស់គេបានធ្វើអោយរបួសបានកើតឡើងជាថ្មី ហើយស្ថានភាពធ្ងន់ជាងមុនធ្វើអោយគេមិនអាចលេងរហូតដល់បច្ចុប្បន្ន ។
ប្អូនប្រុសរបស់អ្នកចាំទី អ៊ុំ វិចិត្រ បន្ថែមថា តាមការតាមដាន និងថត មើលពីក្រុមគ្រូពេទ្យបានបញ្ជាក់ថា របួសរបស់គេត្រូវវះកាត់ជាថ្មីម្តងទៀត ហើយការវះកាត់ពេទ្យនៅកម្ពុជា មិនអាចធានាថាអាចលេងបាន១០០ភាគរយនោះទេ ទើបធ្វើអោយរូបគេមិនសម្រេចចិត្តវះកាត់ហើយលាឈប់ពីបាល់ទាត់តែម្តង ។
កីឡាករវ័យ ២៨ ឆ្នាំ បញ្ជាក់ថា រូបគេមិនចង់ឈប់នោះទេ ហើយពិតជាស្តាយខ្លាំងបំផុត ហើយផ្លូវដែលគេអាចបន្តអាជីពបាល់ទាត់នេះបាននោះគឺរង់ចាំស្ថានភាពកូវីដ១៩ បានល្អប្រសើរ ហើយបើកច្រកព្រំដែន រូបគេនឹងទៅព្យាបាលនៅក្រៅប្រទេសដើម្បីអោយប្រាកដថាអាចលេងបាន១០០ភាគរយវិញ រឺ យ៉ាងណា ។
គួរបញ្ជាក់ផងដែរថា អ្នកចាំទីរបស់ក្លិប កងយោធពលខេមរៈភូមិន្ទនេះ ជោគជ័យខ្លាំងបំផុតកាលពីឆ្នាំ២០១៦ ពោលគឺបានជួយក្រុមឈ្នះពាន Hun Sen Cup 2016 នឹងឈ្នះពានអ្នកចំាំទីល្អក្នុងពានមួយនេះ នឹងឈ្នះពានអ្នកចាំទីល្អក្នុងពានរង្វាន់លីគកំពូលកម្ពុជាផងដែរក្នុងឆ្នាំនោះដែរ ។ អ៊ុំ សេរីរ័ត្ន ក៏ធ្លាប់ជាប់ជម្រើសជាតិទាំងឈុតយុវជន និងឈុតធំ ផងដែរ ដោយធ្លាប់បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ជម្រុះ World Cup ទៀតផង ៕