ហេតុផលនេះហើយបានជាកីឡាករ Dortmund ដើរចេញពីទីលានទាំងទឹកភ្នែក
Gio Reyna បានរងរបួស និងចាកចេញពីទីលានក្នុងនាទី៦ពេលក្រុម Dortmund របស់គេឈ្នះ Stuttgart ២ទល់នឹង០ ក្នុងការប្រកួត Bundesliga ។
Reyna ទើបវិលចូលទីលានវិញ ក្រោយសម្រាកព្យាបាលរបួសរយៈពេលជាង១០០ថ្ងៃ។ យ៉ាងណា ការលោតខុសចង្វាក់ ធ្វើឲ្យកីឡាករអាមេរិករូបនេះមានបញ្ហាសរសៃពួរ និងភ្លៅ។
Reyna បានចេញពីទីលានក្នុងនាទីទី៦ ទាំងអារម្មណ៍ក្ដុកក្ដួល ព្រោះទើបតែបានចូលលេងវិញសោះ។
គ្រូបង្គោល Marco Rose បានជ្រើសរើសកីឡាករវ័យ១៩ឆ្នាំជំនួស Jadon Sancho ដែលត្រូវបានលក់ចេញទៅ Man UTD។ តាមពិតរដូវកាលនេះ គេលេងបានល្អមែនទែន តែជាអកុសល បញ្ហារបួសបានញាំញីកូនប្រុសអតីតកីឡាករ Claudio Reyna រូបនេះយ៉ាងខ្លាំង។ គ្រាន់តែមកទល់ពេលនេះ គេរបួស៥ដងហើយ៕