កីឡាករដែលជួយU-18កម្ពុជាឈ្នះ វៀតណាម ចូលរួមជាមួយខេត្ត ព្រៃវែង
ក្រុមបាល់ទាត់ជើងឯកលីគទី២កម្ពុជា ខេត្តព្រៃវែង បានប្រកាសនាំយកខ្សែបម្រើ ធី លៀង ដែលធ្លាប់រួមចំណែកជួយឲ្យក្រុមជម្រើសជាតិអាយុក្រោម១៨ឆ្នាំកម្ពុជា យកឈ្នះក្រុមម្ចាស់ផ្ទះវៀតណាមក្នុងលទ្ធផល ២-១ នាការប្រកួត AFF U18 Championship កាលពីអំឡុងខែសីហា ឆ្នាំ២០១៩។ ដោយកាលនោះ ធី លៀង ជាអ្នករកគ្រាប់បាល់ទីពីរឲ្យកម្ពុជានៅនាទីបន្ថែមក្នុងតង់ទីពីរ បន្ទាប់ពីគ្រាប់បាល់នាំមុខរបស់ខ្សែប្រយុទ្ធ សៀង ចន្ធា ។
កីឡាករដើមកំណើតខេត្តកោះកុង រូបនេះជាយុវជនសាលាបាល់ទាត់ជាតិបាទីដែលត្រូវបានសហព័ន្ធបាល់ទាត់កម្ពុជាប្រកាសរំសាយការប្រមូលផ្តុំហ្វឹកហាត់ក្នុងឆ្នាំ ២០២១ ដោយសារដល់ពេលកំណត់ត្រូវបញ្ចេញរកក្លិប អាជីពលេង ហើយរូបគេក៏សម្រេចចិត្តមកចូលរួមជាមួយក្លិប ខេត្តព្រៃវែង ដែលទើបឈ្នះជើងឯកលីគទី២ថ្មីៗ ហើយត្រូវឡើងមកលេងនៅលីគកំពូលកម្ពុជានារដូវកាលថ្មី២០២១ នេះផងដែរ ។
សូមបញ្ជាក់ថា ធី លៀង ជាកីឡាករខ្មែរទី ៦ ដែលក្រុមមានមូលដ្ឋាននៅខេត្ត ព្រែវែង បានប្រកាសចុះកិច្ចសន្យាត្រៀមលីគកំពូលកម្ពុជា ក្រៅពីនោះមានកីឡាករ សុិន សុវណ្ណមករា, ឡេង ណូរ៉ា, គង់ ភ័ត្ត្រា និងកីឡាករបរទេសសញ្ជាតិអូបេគីស្ថាន Mirzaev Alisher Umidovich ទាំង ៤រូបនេះ មកពីក្លិបវិសាខា ខណៈកីឡាករ ២រូបទៀត គីម សុបញ្ញា ជាមួយ មាន រតនា ជាកីឡាករខ្មែរ ដែលធ្លាប់រស់នៅ និងហ្វឹកហាត់នៅប្រទេសថៃ ៕