ឈ្នះ Bologna យប់មិញ AC Milan បំបែកកំណត់ត្រា២៨ឆ្នាំ
AC Milan បានយកឈ្នះ Bologna ១ទល់នឹង២ក្នុងការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលអ៊ីតាលី នៅថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១។
ជ័យជម្នះនេះធ្វើឲ្យ AC Milan បំបែកកំណត់ត្រារកគ្រាប់បាល់ក្រៅដីនៅ Serie A ២០ប្រកួតជាប់គ្នា។ កំណត់ត្រាចាស់ គឺពួកគេរកបាន១៩ប្រកួតជាប់គ្នានៅរដូវកាល១៩៩២/១៩៩៣។
ក្នុងការប្រកួតនេះ Zlatan Ibrahimovic មានឱកាសទាត់បាល់១១ម៉ែត្រនាទី២៦ តែមិនបានសម្រេច។ យ៉ាងណា ការទាត់បន្ថែមពី Ante Rebic ភ្លាមៗក៏ជួយឲ្យ AC Milan នាំមុខបានសម្រេច។
ដល់នាទី៥៥ Franck Kessie បានទាត់បាល់ពិន័យ១១ម៉ែត្រលើកទី២បញ្ចូលទីឲ្យ AC Milan។
Andrea Poli បានវាយបកមួយគ្រាប់វិញក្នុងនាទី៨១។
ឆ្លងកាត់ការប្រកួត២០លើក AC Milan បន្តឈរកំពូលតារាងមាន៤៦ពិន្ទុពីលើក្រុមលេខ២ Inter Milan ២ពិន្ទុ៕