កំណត់ត្រាមិនចាញ់ក្នុងដី៦៨ជាប់គ្នារបស់ Liverpool ត្រូវបានបញ្ចប់ហើយ
ការមិនចាញ់សោះក្នុងចំណោម៦៨ប្រកួតចុងក្រោយក្នុងទឹកដីខ្លួនឯងនៅក្របខណ្ឌ Premier League របស់ Liverpool ត្រូវបានបញ្ចប់ដោយ Burnley។
ក្រុមហង្សក្រហមបានចាញ់ Burnely ០ទល់នឹង១ ក្នុងការប្រកួតនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ដោយបាល់ពិន័យ១១ម៉ែត្រពី Ashley Barnes នាទី៨៣។
ការចាញ់ក្នុងដីចុងក្រោយបង្អស់របស់ Liverpool កើតឡើងតាំងពី៤ឆ្នាំមុន ពេលចាញ់ Crystal Palace ខែមករា ឆ្នាំ២០១៧។
អ្នកចាត់ការ Liverpool លោក Jurgen Klopp និយាយមុនការប្រកួតថា មិនបារម្ភពីគុណផលមិនល្អក្នុងក្រុមទេ តែដល់ពេលចាញ់អ៊ីចឹងទៅ វាអាចក្លាយជាបញ្ហាសម្រាប់ក្រុម និងអ្នកចាត់ការតែម្ដង។
ក្រោយប្រកួត១៩លើករដូវកាលនេះ Liverpool ហាក់ធ្លាក់ចុះទំនុកចិត្ត ដោយមិនទាន់អាចរកបានគ្រាប់បាល់ក្នុងរយៈពេល៤៤០នាទីចុងក្រោយនៅ Premier League និងកំពុងស្វែងរកជ័យជម្នះដំបូងក្នុងឆ្នាំ២០២១។
បើធៀបរដូវកាលមុន ហង្សក្រហមមាន៥៥ពិន្ទុទៅហើយពីការប្រកួត១៩លើក និងនាំមុខកំពូលតារាង១៣ពិន្ទុ តែឥឡូវតិចជាងឆ្នាំមុន២១ពិន្ទុ។ ពួកគេកំពុងនៅលេខ៤ មាន៣៤ពិន្ទុ ពីក្រោមក្រុមកំពូលតារាង Manchester United ៦ពិន្ទុ៕